វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៧ ០៤ ២០២៥)
ភ្នំពេញ៖ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ បានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា ឆ្នាំ២០២៥នេះ ។
យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែមេសានេះ បានឱ្យដឹងថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ (ដែលមានចំនួន ២១.៨១៣.១៣៨ នាក់) ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់ ។
បន្ថែមលើនេះ ក្រសួងទេសចរណ៍ បានបង្ហាញរបាយការណ៍ តួលេខប្រចាំថ្ងៃ សម្រាប់ថ្ងៃទី១៤ មេសា ភ្ញៀវមានចំនួន ៥.៦៨៥.២២៣ នាក់, ថ្ងៃទី១៥មេសា ភ្ញៀវមានចំនួន ៨.៣៦៥.៧២៤ នាក់និងថ្ងៃទី១៦ ខែមេសា ភ្ញៀវមានចំនួន ៩.៩២៦.៤៩៤ នាក់ ។
ដោយឡែកសម្រាប់ក្នុងរយៈពេល៣ថ្ងៃនេះ រាជធានី ខេត្តដែលទទួលបានភ្ញៀវច្រើនជាងគេទាំង៥ រួមមាន៖
-រាធានីភ្នំពេញ ២.៨៦៣.៩២២ នាក់
-ខេត្តសៀមរាប ២.៧៥២.៨១៨ នាក់
-ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់
-ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់
-ខេត្តបាត់ដំបង ១.៧៤១.៧៩៥ នាក់ ។
ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស រយៈពេល៣ថ្ងៃនេះ គឺត្រូវបានគណនាដោយ រាប់បញ្ចូលចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្ត នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងចំនួនបងប្អូនប្រជាជន ដែលបានចូលរួមលេងកម្សាន្ត នៅតាមទីតាំងសំខាន់ៗ ដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និង ព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងទេសចរណ៍ ។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានកត់សម្គាល់ថា ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផល ប្រយោជន៍សេដ្ចកិច្ចដ៏ច្រើន ទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ និងសេវា ស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ នៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញ១០០%។ វិស័យឯកជនមានក្តីរីករាយ និងបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការអភិវឌ្ឍន៍លើមាគ៌ាដ៏ត្រឹមត្រូវ នៃវិស័យទេសចរណ៍កម្ពុជា។
ជាមួយនឹងសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រង គុណភាព និងតម្លៃសេវាទេសចរណ៍នានាជារួម ក្រសួងទេសចរណ៍ បានវាយតម្លៃថា មានភាពល្អប្រសើរ ខណៈដែលកម្លាំងមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានអនុវត្ត ការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
ក្រសួងទេសចរណ៍ បញ្ជាក់ដែរថា ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន សិស្ស-និស្សិត និងកម្មករ កម្មការិនី មានសេចក្តីរីករាយ និងបានថ្លែងអំណរគុណ សម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាត ឱ្យមានការ ដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃសម្រាប់ការធ្វើដំណើរ ទៅមកស្រុកកំណើត ផងដែរ៕