វិទ្យុជាតិកម្ពុជា អេង យូ
MC.លោក សៀន អូនៀល មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក មានប្រសាសន៍ ក្នុងឱកាសអញ្ជើញចូលរួមប្រជុំ "កិច្ចសន្ទនាអាស៊ាន-អាម៉េរិក" លើកទី៣៧ នៅខេត្តសៀមរាបថា សហរដ្ឋអាម៉េរិក ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាដៃគូសន្ទនាជាមួយបណ្ដាប្រទេសអាស៊ាន ទាំងកិច្ចការពារតំបន់អាស៊ាន ទាំងកិច្ចការជួយលើកស្ទួយតំបន់អាស៊ានឱ្យក្រោកឈរបានរឹងមាំ។
លោក សៀន អូនៀល(Sean O’Neill) មន្ដ្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក បានមានប្រសាសន៍ ក្នុងឱកាសដែលលោកបានអញ្ជើញដឹកនាំគណប្រតិភូសហរដ្ឋអាម៉េរិក ចូលរួមប្រជុំ "កិច្ចសន្ទនាអាស៊ាន- អាម៉េរិក" លើកទី៣៧ នៅខេត្ត សៀមរាប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះថា យើងសូមកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលជាដៃគូនៃកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ ហើយក៏មានកិច្ចសហប្រតិបត្តិជាមួយគ្នាយ៉ាងប្រសើរ តាមរយៈដៃគូសន្ទនាគ្រប់ជ្រុងជ្រោយនេះ។
លោកបន្តថា សហរដ្ឋអាម៉េរិក បានបន្តគាំទ្រកិច្ចសន្ទនាជាមួយដៃគូជាច្រើននៅជុំវិញពិភពលោក។ ដូច្នេះក្នុងនាមតំណាងឱ្យផ្នែករដ្ឋបាលនៃកិច្ចសន្ទនារវាងបណ្ដាប្រទេសអាស៊ាននិងសហរដ្ឋអាម៉រិក លោកបានផ្ដោតការយកចិត្តទុក ដាក់រួមគ្នាក្នុងការសន្ទនាទៅលើចំណុចសំខាន់ៗជាច្រើន ដែលរំពឹងថា ការសន្ទនាទាំងនេះនឹងចេញជាលទ្ធផលយ៉ាងល្អ។
លោក សៀន អូនៀល បានបន្តថា សហរដ្ឋអាម៉េរិក បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាដៃគូសន្ទនាជាមួយបណ្ដាប្រទេសអាស៊ាន ទាំងកិច្ចការពារតំបន់អាស៊ាន ព្រមទាំងជួយលើកស្ទួយតំបន់អាស៊ានឱ្យក្រោកឈរបានរឹងមាំ។ លោកគិតថាទាំងអាស៊ាននិងអាម៉េរិក នឹងអាចទទួលបាននូវវិបុលភាព ស្ថិរភាពតាមរយៈកិច្ចសន្ទនានានា សម្រាប់ពង្រឹងផ្នែករដ្ឋបាលនៃបណ្ដាប្រទេសនីមួយៗ ដែលជាការលើកកម្ពស់ដល់ផ្នែកសន្តិសុខ សុវត្ថិភាព ព្រមទាំងវិបុលភាព ដល់ពលរដ្ឋអាម៉េរិកកាំងដែលកំពុងធ្វើការនៅតាមបណ្ដាប្រទេសក្នុងតំបន់ផង។
សូមជម្រាបថា កិច្ចសន្ទនាអាស៊ាន អាម៉េរិក លើកទី៣៧នេះ កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ដោយខាងភាគីអាស៊ាន មានឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ ជាសហប្រធាន និងខាងសហរដ្ឋអាម៉េរិក មានលោក សៀន អូនៀល ជាសហប្រធាន ដឹកនាំកិច្ចប្រជុំ៕