កម្ពុជា អង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន

Narith | ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៣ ៤ ២០២៥

ភ្នំពេញ ៖ កម្ពុជានិងអង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលបំណងថែរក្សាសន្តិសុខ ជូនពលរដ្ឋប្រទេសទាំង២ក៏ដូចជាក្នុងតំបន់ផងដែរ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម៖..
ក្នុងឱកាសទស្សនកិច្ចរបស់លោកជំទាវរដ្ឋលេខាធិការទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Catherine West រដ្ឋលេខាធិការទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក របស់ក្រសួងការបរទេសអង់គ្លេស បានសម្តែងការពេញចិត្ត ចំពោះទំនាក់ទំនងដ៏រឹងមាំនិងកំពុងរីកចម្រើនរវាងប្រទេសទំាង២ កម្ពុជានិងអង់គ្លេស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Catherine West បាន ពិភាក្សាគ្នាអំពី ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការអភិវឌ្ឍ និងការបោសសម្អាតមីន។ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់លើឱកាសសម្រាប់ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដោយគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រវាងប្រទេសទាំងពីរ នៅរាជធានីភ្នំពេញក្នុងឆ្នាំនេះ។
លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះការ កើនឡើងនៃទំហំពាណិជ្ជកម្មដែលឈានដល់ជិត១ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបញ្ចូលកម្ពុជា ក្នុងប្រទេសដែលទទួលបានផលប្រយោជន៍ក្រោមគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS)។ លោកជំទាវ West បានសម្តែង ការកោតស្ញប់ស្ញែងចំពោះការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរចនាដោយក្រុមហ៊ុនអង់គ្លេស Foster + Partners ហើយបានចាត់ទុកថា នោះគឺជាគំរូនៃកិច្ចសហប្រតិបត្តិការ។
ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូនលោកជំទាវ Catherine West អំពីការប្តេជ្ញាចិត្ត និង កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបបញ្ហាការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត រួមទាំងការ បង្កើតគណៈកម្មការជាតិថ្មីមួយ ដែលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវរដ្ឋលេខាធិការ បានពិភាក្សា និងឯកភាពគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែននេះ។
ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ Catherine West ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្របេក្ខភាពគ្នាទៅវិញទៅមក ក្នុងអង្គការអន្តរជាតិនានា៕

កម្ពុជា អង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន
កម្ពុជា អង់គ្លេសជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន