រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ស្នើដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយចូលរួមសហការទប់ស្កាត់ និងបញ្ឈប់ ការផ្សព្វផ្សាយ ពាណិជ្ជកម្ម ឱសថបុរាណ និងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល

Narith | ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៣ មេសា ២០១៥

MC៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានស្នើដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់  ចូលរួមសហការទប់ស្កាត់ និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កន្លងមកនេះ មានការផ្សព្វផ្សាយលក់ ផលិតផលឱសថឈ្មោះ CALCUTILនិងឱសថផ្សេងៗទៀត ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ព្រមទាំងបានប្រើប្រាស់ខ្លឹមសារផ្សព្វផ្សាយបំផ្លើសហួសពីការពិត ដែលនាំឱ្យប្រជាពលរដ្ឋ មានការ     ភាន់ច្រឡំ និងអាចប៉ះពាល់ដល់សុខភាពផងដែរ។
ប្រភពដដែលបានឱ្យដឹងទៀតថា ដើម្បីចូលរួមការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសុខភាព សាធារណៈ កាត់បន្ថយផលអវិជ្ជមាននៃការប្រើប្រាស់ឱសថ ដែលគ្មានប្រភពច្បាស់លាស់ ក្រសួងព័ត៌មាន ស្នើសុំម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមសហការនិងអនុវត្តដូចខាងក្រោម ៖
១- បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលឱសថឈោ្មះ CALCUTIL និងលុបមាតិកាដែលបាន ផ្សព្វផ្សាយ កន្លងមកពាក់ព័ន្ធនឹងផលិតផលខាងលើ និងឱសថគ្រប់ប្រភេទ ដែលគ្មានការ អនុញ្ញាតពីក្រសួង សុខាភិបាល។
២- រាល់ការផ្សព្វផ្សាយផលិតផលឱសថ ត្រូវពិនិត្យឱ្យបានច្បាស់លាស់លើលេខបញ្ញិកា និង មានការ អនុញ្ញាតពីក្រសួងសុខាភិបាល។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចាត់ចែងអនុវត្តការងារតាមស្មារតីលិខិតនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ស្នើដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយចូលរួមសហការទប់ស្កាត់ និងបញ្ឈប់ ការផ្សព្វផ្សាយ ពាណិជ្ជកម្ម ឱសថបុរាណ និងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល