សម្តេចធិបតី៖ ថៃជាដៃគូពាណិជ្ជ កម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា

Narith | ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៣ ០៤ ២០២៥)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា ខណៈដែលកម្ពុជាត្រៀមខ្លួនជាស្រេច និងបើកចំហជានិច្ច ព្រមទាំងមានឆន្ទៈ ចង់រីកចម្រើនជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍ ។
   

  សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងដូច្នេះនៅក្នុងពិធីបដិសណ្ឋារកិច្ច ទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី ព្រមទាំងគណៈប្រតិភូ នៅវិមានសន្តិភាព ក្នុងដំណើរបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅកម្ពុជា ។
   ថ្លែងក្រោយបញ្ចប់ពិធីចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងនិងអនុស្សរណៈយោគយល់គ្នា រវាង កម្ពុជា-ថៃ ក្រោមអធិបតីភាពរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជានិងលោក ជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្តីថៃ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៥នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា នៅថ្ងៃនេះសម្តេច និងលោកជំទាវ បានពិភាក្សា អំពីអាទិភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់កម្ពុជា-ថៃ និងធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា ចំនួន៧ ដែលទាំងនេះ គឺជាជំហានជាក់ស្តែង ក្នុងការប្រែក្លាយទស្សនវិស័យរួមរបស់កម្ពុជានិងថៃ ឱ្យក្លាយទៅជាលទ្ធផលដ៏ពិតប្រាកដ ។
 "ប្រទេសថៃជាដៃគូពាណិជ្ជកម្ម និងវិនិយោគ ដ៏សំខាន់របស់កម្ពុជា ហើយយើងបានពិភាក្សាគ្នាអំពីយន្តការជាក់ស្តែង និងគំនិតផ្តួចផ្តើម បំពេញបន្ថែមផ្សេងៗគ្នា របស់រដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ របស់ប្រទេសទាំងពីរបន្ថែមទៀត" ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ធុរកិច្ចជនថៃ ចំពោះការទុកចិត្ត និងសម្រេចចិត្តបណ្តាកទុន ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ។
បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងថា កម្ពុជាបានត្រៀមខ្លួនជាស្រេច និងបើកចំហជានិច្ច ព្រមទាំងមានឆន្ទៈ ចង់រីកចម្រើនជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍ ៕

សម្តេចធិបតី៖ ថៃជាដៃគូពាណិជ្ជ កម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា