បាត់ដំបង ៖ គ្រាន់តែរយៈពេល៧ថ្ងៃ នៃព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ សម្រុកជួយទិញផ្លែឈើនានា ដែលដាំដុះដោយកសិករខ្មែរក្នុងខេត្តបាត់ដំបង បានរហូតដល់ជាង៥០តោន នេះបង្ហាញពីការគាំទ្រកសិផលក្នុងស្រុកយ៉ាងផុលផុស។
លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមញ្ញខេត្តបាត់ដំបងបានផ្តល់របាយការណ៍ឱ្យដឹងថា ក្នុងចំណោមផ្លែឈើលក់ដាច់ជាង៥០តោន ក្នុងអំឡុងពេល៧ថ្ងៃនៃព្រឹត្តិការណ៍ពិពណ៌ផ្លែឈើបាត់ដំបង២០២៥នេះ កត់សម្គាល់ថាផ្លែឈើដែលមានការគាំទ្រច្រើនជាងគេគឺផ្លែទុរេន បាននាំមុខគេដាច់តែម្តងគឺលក់បានរហូតដល់ជាង៤៧តោន។
របាយការណ៍មន្ទីរកសិកម្មបន្ថែមថា ក្នុងអំឡុងពេល៧ថ្ងៃនៃព្រឹត្តិការណ៍ដ៏ធំខាងលើ ម្ចាស់ចំការបានលក់ផ្លែទុរេនបានជាង៤៧ ៩៥០ គីឡូ ស្មើ ៤៧តោន៩៥០គីឡូ ,ផ្លែមង្ឃុតលក់បាន៧៨០គីឡូ , ផ្លែដូង១៥៥០ផ្លែ , ម្នាស់៥១៥ ផ្លែ ស្មើ ៩៥០គីឡូ និងលក់ផ្លែឈើផ្សេងៗទៀតដែលមិនទាន់បូកបញ្ចូល ដូចជាមៀន ក្រូចពោធិសាត់ ផ្លែបឺ ផ្លែត្របែក និងស្រកានាគ…ជាដើម ។
រដ្ឋបាលខេត្តបាត់ដំបងរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥» (Battambang Fruits Event 2025) រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ក្នុងថ្ងៃបើកព្រឹត្តិការណ៍ខាងលើឱ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើនេះ គឺដើម្បីរៀបចំឱ្យបងប្អូនអ្នកដាំបន្លែផ្លែឈើនិងដំណាំផ្សេងៗបានយកមកតាំងបង្ហាញ និងលក់ដូរ។ ហើយអាជ្ញាធរខេត្តមាន បំណងរៀបចំឱ្យមានការតាំងលក់បន្លែ ផ្លែឈើ អង្ករ និងផលិតផលអ្នកបាត់ដំបងនៅតាមរដូវកាលនៅថ្ងៃអនាគតផងដែរ៕ អត្ថបទ ភី សុខវិទ្យុជាតិចំការចេកខេត្តបាត់ដំបង