វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២៥
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់ឧត្តមសេនីយ៍ឯក Roy Mabagos Galido O-10285 PA មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីនទី៦៦ថា ទោះបីជាបច្ចុប្បន្នកម្ពុជាជាប្រទេសតូច ប៉ុន្តែសម្តេចបានប្តេជ្ញាការពារបូរណភាពទឹកដីមិនឲ្យបាត់បង់មួយមិល្លីម៉ែត្រទៅប្រទេសក្បែរខាងឡើយ ។
អ្នកយកព័ត៌មានយើងធ្វើសសេចក្តីរាយការណ៍
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ
បានឲ្យដឹងក្រោយបញ្ចប់កិច្ចពិភាក្សានាថ្ងៃទី១៨ ខែកក្កដា ថា សម្តេចតេជោបានរំលឹកពីអតីតកាល និងចែករំលែកបទពិសោធន៍របស់សម្តេចទៅមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីនថា សម្តេចបានចូលបម្រើកងទ័ពតាំងពីវ័យ១៨ឆ្នាំ ដោយមានការប្រយុទ្ធបង្ហូរឈាមជាមួយសត្រូវព្រមទាំងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍រហូតនាំឲ្យជាតិមានសុខសន្តិភាពមកដល់បច្ចុប្បន្ន ។
ឯកឧត្តមអ្នកនាំពាក្យគូសបញ្ជាក់ថា សំឡេង “ជាពិសោធន៍ដែលសម្តេចតេជោបានចែករំលែក ហើយបានរំលេចអំពីស្ថានភាពបែកបាក់ពីអតីតកាលរបស់កម្ពុជាកាលពីជាង៥០០ឆ្នាំ ប្រទេសដែលធ្លាប់ដែលមានផែនដីធំទូលាយ ប៉ុន្តែក្លាយជាប្រទេសតូចដោយសារការបែកបាក់គ្នា ។ ហើយឥឡូវនេះ កម្ពុជាមានសន្តិភាព ហើយពង្រឹងនូវខឿននៃការការពារនូវអ្វីដែលដីកម្ពុជាមាន ទោះបីជាបច្ចុប្បន្នតូច ប៉ុន្តែការពារនូវអ្វីដែលយើងមាននាពេលបច្ចុប្បន្នឲ្យបានល្អប្រសើរ” ។
បើតាមឯកឧត្តម ជា ធីរិទ្ធ គឺឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានស្ញប់ស្ញែងកោតសរសើរជាខ្លាំងចំពោះភាពវៃឆ្លាត ប៉ិនប្រសប់របស់សម្តេចតេជោ ។
ជាមួយគ្នានេះឧត្តមសេនីយ៍ឯក ក៏បានផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធរបស់សម្តេចតេជោដែលបានលះបង់អាយុជីវិតតាំងពីវ័យក្មេងដើម្បីជាតិមាតុភូមិ ។ ឧត្តមសេនីយ៍ឯកចាត់ទុកថា នេះជាបទពិសោធដ៏កម្របំផុតក្នុងនាមជាអ្នកដឹកនាំមួយរូបរបស់កម្ពុជាដែលមានភាពអស្ចារ្យយ៉ាងខ្លាំង ។
ឧត្តមសេនីយ៍ឯកអះអាងថា ឯកឧត្តមពិតជាទទួលបានចំណេះដឹង និងគំនិតថ្មីៗ ព្រមទាំងបទពិសោធពីសម្តេចតេជោផងដែរ ៕