នៅក្នុងខែមេសាលោក Biden លោក Kishida និងលោក Marcos នឹងបើកកិច្ចប្រជុំកំពូលនៅឯសេតវិមាន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_4718

អន្តរជាតិ៖ កាលពីថ្ងៃច័ន្ទ (ម៉ោងនៅវ៉ាស៊ីនតោន) សេតវិមានបានឱ្យដឹងថា លោក Joe Biden ប្រធានាធិបតីអាមេរិកនឹងទទួលស្វាគមន៍លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន និងលោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីននៅឯកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១១ ខែមេសាខាងមុខនេះដើម្បីពិភាក្សាពីទំនាក់ទំនងសេដ្ឋកិច្ច និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមានបាននិយាយថា មេដឹកនាំនៃប្រទេសទាំង៣ នឹងពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការត្រីភាគីដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងបច្ចេកវិទ្យាថ្មីៗជំរុញខ្សែចង្វាក់ផ្គត់ផ្គង់ថាមពលស្អាត រួមទាំងកិច្ចសហប្រតិបត្តិការស្ដីពីអាកាសធាតុ ក៏ដូចជាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក។ គួរបញ្ជាក់ថា ការប្រកាសពីកិច្ចប្រជុំកំពូលរបស់សហរដ្ឋអាមេរិកជាមួយជប៉ុន និងហ្វីលីពីន កើតមានឡើងក្នុងពេលលោក Joe Biden កំពុងផ្ដោតជាអាទិភាពលើការពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ី ដើម្បីធ្វើការងារជាមួយគ្នាទប់ទល់នឹងចិន រួមទាំងកូរ៉េខាងជើង៕

Comments

Related posts