រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី នាយិកាប្រចាំប្រទេសអង្គការ CHAI

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Soleine Scotney នាយិកាប្រចាំប្រទេសអង្គការ Clinton Health Access Initiative (CHAI)

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការ CHAI ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺអេដស៍ និងជំងឺរលាកថ្លើម ការអភិវឌ្ឍន៍ធនធានមនុស្ស សបញ្ជាក់ពីការចូលរួមចំណែកលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា។

លោកស្រីនាយិកា បានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកស្រី ជម្រាបជូនថា លោកស្រីមានសេចក្តីរីករាយណាស់ដែល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគាំទ្រសកម្មភាពការងាររបស់អង្គការ CHAI  ប្រកប ដោយលទ្ធផលគួរជាទីគាប់ចិត្តនាពេលកន្លងមក គឺអាស្រ័យដោយសារមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធពីមជ្ឈមណ្ឌលជាតិកម្មវិធីជាតិ នាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត។ លោកស្រីក៏បានស្នើសុំអនុសាសន៍ណែនាំបន្ថែមសម្រាប់ការងាររបស់អង្គការ CHAI

 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូននូវអាទិភាពគន្លឹះទាំងបីរបស់ក្រសួងសុខាភិបាលរួមមាន ១)ការពង្រឹងមណ្ឌលសុខភាពលើហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ និងសមត្ថភាពបុគ្គលិក ២)ការពង្រឹងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ លើការសង្គ្រោះបន្ទាន់ ICU ផ្នែកវះកាត់ មន្ទីពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ និង៣)ការពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំមន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។

លោកស្រីនាយិកា បានជម្រាបជូនថា កន្លងមកអង្គការក៏បានចូលរួមគាំទ្រជំនួយបច្ចេកទេសផ្នែកមន្ទីរពិសោធន៍ និងការផលិតអុកស៊ីសែន ក្នុងបរិបទនៃការរាតត្បាតជាសកលជំងឺកូវីដ-១៩ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ និងប្រព័ន្ធសុខាភិបាលឌីជីថល ស្របតាមអាទិភាពរបស់ក្រសួង និងបានជម្រាបជូនថាអង្គការ CHAI នឹងយកអនុសាសន៍គន្លឹះរបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី រៀបចំផែនការសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលបន្តទៀត តាមរយៈអាទិភាពសំខាន់ៗខាងលើរបស់ក្រសួង ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

ជាចុងបញ្ជប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់អង្គការ CHAI ជាពិសេស លោកស្រីនាយិកាប្រចាំប្រទេស ដែលបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

photo_2023-10-02_16-45-01

 

photo_2023-10-02_16-52-35

photo_2023-10-02_16-52-56

photo_2023-10-02_16-53-02

Comments

Related posts