សហរដ្ឋអាមេរិក គ្រោងបញ្ជូនគ្រាប់បែកបំពាក់ប្រព័ន្ធ GPS ទៅឱ្យអ៊ីស្រាអែល

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1283

IMG_1277

 

អន្តរជាតិ៖ រដ្ឋបាលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក មានផែនការបញ្ជូនគ្រាប់បែកមានបំពាក់ប្រព័ន្ធ GPS ក្នុងទំហំទឹកប្រាក់ ៣២០ លានដុល្លារទៅឱ្យអ៊ីស្រាអែល ខណៈលោក បៃដិន និងក្រុមមន្ត្រីជាន់ខ្ពស់ អាមេរិកកំពុងជំរុញឱ្យអ៊ីស្រាអែលការពារអាយុជនស៊ីវិលក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងក្រុមហាម៉ាស់ ក្នុងតំបន់ហ្គាហ្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើសេចក្ដីរាយការណ៍មុនគេ របស់កាសែតអាមេរិក Wall Street Journal ដែលបានឱ្យដឹងថា រដ្ឋបាលលោក បៃដិន បានបញ្ជូនសេចក្ដីជូនដំណឹងជាផ្លូវការ ទៅកាន់ថ្នាក់ដឹកនាំសភាទាំង២ របស់សហរដ្ឋអាមេរិក ពីគម្រោងបញ្ជូនគ្រាប់បែក Spice Family Gliding Bomb Assemblies ដែលជាប្រភេទគ្រាប់បែកបំពាក់ប្រព័ន្ធ GPS បាញ់ចេញពីយន្ដហោះចម្បាំង។ បើតាម Wall Street Journal ក្រុមហ៊ុន Rafael USA នឹងបញ្ជូនគ្រាប់បែកនេះទៅឱ្យក្រុមហ៊ុនសម្ព័ន្ធ របស់ខ្លួនគឺ Rafael Advanced Defense Systems សម្រាប់ឱ្យក្រសួងការពារជាតិអ៊ីស្រាអែល យកទៅប្រើប្រាស់។ គួរបញ្ជាក់ថា ប្រមុខអង្គការសហប្រជាជាតិបានហៅតំបន់ហ្គាហ្សាថា ជាវាលកប់ខ្មោច សម្រាប់កុមារ និងបង្កើនការអំពាវនាវ ឱ្យមានបទឈប់បាញ់មួយជាបន្ទាន់ ខណៈមន្ត្រីក្នុងតំបន់ហ្គាហ្សា បានអះអាងថាមនុស្សច្រើនជាង ១០,០០០នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល ដែលជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា៕

Comments

Related posts