កម្មវិធីសម្តែងសិល្បៈបុរាណជាច្រើនទម្រង់ អមដោយពិព័រណ៍នានា ត្រូវប្រារព្ធចំនួន៣ថ្ងៃ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ថ្នាក់ខេត្ត ៣មីនានៅខេត្តសៀមរាប

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

IMG_5626-1

IMG_5627

IMG_5628

IMG_5629

IMG_5630-1

IMG_5631-1

IMG_5636-1

IMG_5634-1

MC. មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានប្រារព្ធទិវាវប្បធម៌ជាតិ ថ្នាក់ខេត្ត រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃពុធ ៣រោច ដល់៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ រហូតដល់២៩ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប អមដោយការសម្តែងសិល្បៈបុរាណជាទម្រង់ កម្មវិធីពិព័រណ៍ខ្លែងឯក ការប្រគុំតន្ត្រីខ្មែរបុរាណ និងល្បែងរបាំប្រពៃណីជាច្រើនទៀត ជូនសាធារណៈជនបានទស្សនា និងសិក្សាឈ្វេងយល់។ 
អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!
លោក ព្រំ ខេមរា ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិកនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានឱ្យដឹងថា ដើម្បីចូលរួមអបអរសាទរ ខួបលើកទី២៦ ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៤នេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សហការជាមួយរដ្ឋបាលខេត្ត ស្ថាប័នពាក់ព័ន្ធបាន ប្រារព្ធទិវាវប្បធម៌ជាតិ ថ្នាក់ខេត្ត ក្នុងរយៈពេល៣ថ្ងៃ នៃការអបអរសាទរទិវាវប្បធម៌ជាតិ៣ មីនា នេះ មន្ទីរបានរៀបចំឱ្យកម្មវិធីសំបូរបែប ដូចជា៖ កម្មវិធីសម្តែងសិល្បៈបុរាណគ្រប់ទម្រង់ ជាពិសេសល្ខោនបាសាក់ ពិព័រណ៍ខ្លែងឯកខ្មែរ មានការចែករំលែកចំណេះដឹងអំពីអត្តសញ្ណាណនៃខ្លែងឯកខ្មែរ ពីព្រឹទ្ធាចារ្យខ្លែងឯកទៅកាន់ស្រទាប់យុវជន ស្តង់ពិព័រណ៍បង្ហាញអត្តសញ្ញាណរបស់បណ្តាស្រុកនានាជុំវិញខេត្ត និងស្តង់ពិព័រណ៍ភូមិមួយផលិតផលមួយ សម្រាប់មហាជនបានទស្សនា និងសិក្សាឈ្វេងយល់។
លោកបន្តថា ការសម្រេចលើកយកសិល្បៈបុរាណច្រើនទម្រង់ មកសម្តែងជាសាធារណៈបែបនេះ ដើម្បីបង្ហាញទៅកាន់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាអ្នកបន្តវេន បានស្គាល់ និងឈ្វេងយល់ អំពីវប្បធម៌ អត្តសញ្ញាណជាតិ និងត្រូវចូលរួមថែរក្សាមរតកវប្បធម៌ទាំងនោះកុំឱ្យបាត់បង់។ លោកថា ជាក់ស្តែងនៅល្ងាចថ្ងៃទី២៧ ខែមីនា ជាថ្ងៃទីមួយនៃការសម្តែងសិល្បៈ ក៏មានការគាំទ្រមកទស្សនាយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ ពិសេសក្នុងស្រទាប់យុវជន។ ក្នុងនោះយើងបានយកសិល្បៈគ្រប់ទម្រង់ទាំងអស់ តាំងពីរបាំបុរាណ របាំប្រពៃណី ជាពិសេសយើងបានគាស់រម្លើងមកវិញនូវល្ខោនបាសាក់ ដែលបច្ចុប្បមានការប្រឈមខ្លាំង ហើយជារឿងល្អដែរ ដោយក្នុងខេត្តសៀមរាបយើង មានក្រុមល្ខោនបាសាក់ចំនួន១១ក្រុម ខណៈដែលខេត្តទាំង២៥រាជធានីជុំវិញប្រទេស មានការបាត់បង់អស់ហើយ យើងនេះនៅសល់ច្រើនជាងគេ អ៊ីចឹងបានយើងផ្តល់ឱកាសឱ្យពួកគាត់បង្ហាញនូវសមត្ថភាពសម្តែងជូនថ្នាក់ដឹកនាំ និងពលរដ្ឋបានទស្សនាក្នុងរយៈពេល៣ថ្ងៃនេះ។ យើងមានតាំងពិព័រណ៍ផលិតផលនានា ដែលយើងបើកតាំងបង្ហាញតាំងពីម៉ោង៨និង៣០នាទីព្រឹក ដល់ម៉ោង៩និង៣០នាទីយប់។ ក្នុងនោះយើងផ្តោតសំខាន់ទៅលើពិព័រណ៍នៃសិប្បករ ដែលប្រកបអាជីពផ្នែកសិល្បៈវប្បធម៌ ក៏មានការចូលរួមយ៉ាងសកម្មដែរ ពីក្រុមភូមិមួយផលិតផលមួយ ក៏បានតាំងបង្ហាញនូវផលិតផលដែលផលិតនៅក្នុងខេត្តសៀមរាបយើង។
សូមជម្រាបថា ចាប់ពីថ្ងៃទី២៧ រហូតដល់២៩ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប មាន រៀបចំការតាំងពិព័រណ៍ ស្នាដៃសិប្បករ ការសម្តែងសិល្បៈច្រើនទម្រង់ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា រយៈពេល៣ថ្ងៃ ដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសយុវជនក៏អាចចូលរួមទស្សនាដោយសេរី ជាពិសេសសិក្សាឈ្វេងយល់ ក្នុងទម្រង់កម្មវិធីសិល្បៈ ឬពិព័រណ៍របស់ក្រុមសិប្បករ ដើម្បីបានយល់ដឹងអំពីតម្លៃឬទម្រង់នៃសម្បត្តិវប្បធម៌ជាតិ។ ក្នុងនោះយុវជន ក៏អាចបង្ហាញនូវអត្តសញ្ញាណរបស់ខ្លួន តាមរយៈការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីតាមតំបន់ ដែលមាននៅក្នុងវប្បធម៌ខ្មែរ ឬក៏អាចបង្ហាញអំពីសមត្ថភាពរបស់ខ្លួន ក្នុងកម្មវិធីណាមួយដែលខ្លួនចេះ ទៅកាន់យុវជនឬប្រជាពលរដ្ឋដទៃទៀតបានទស្សនាផងដែរ៕

Comments

Related posts