ធនាគារពិភពលោក៖ កម្ពុជាអាចសម្រេចមហិច្ឆតាបង្កើនចំនួនយានយន្តអគ្គិសនីលើដងផ្លូវ

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៨ ០៣ ២០២៤

IMG_5712

IMG_5714

IMG_5713

ធនាគារពិភពលោក លើកឡើងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការដែលបានរៀបចំឡើង យ៉ាងប្រុងប្រយ័ត្នមួយ។    
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា  បាននិយាយនៅថ្ងៃទី ២៨ ខែមីនានេះថា គោលដៅនៃដំណើរឆ្ពោះទៅប្រើយានយន្តអគ្គិសនី គឺអាចសម្រេចបាន ហើយវានឹងជួយ កម្ពុជាឈានទៅដល់គោលដៅអព្យាក្រឹតភាពកាបូន ប្រកបដោយមហិច្ឆតារបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ គោលដៅនេះទាមទារឱ្យមានការវាយតម្លៃដោយប្រុងប្រយ័ត្នលើការផ្លាស់ប្តូរនេះ ខណៈបច្ចុប្បន្ន ប្រជាជនកម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើនតាមរយៈការប្រើប្រាស់យានយន្តជជុះ តម្លៃទាប ដែលនាំចូលពីបរទេស ប៉ុន្តែវាបាននាំមកនូវការខាតបង់ធំដល់បរិស្ថាន ហើយក៏ជាឧបសគ្គមួយ ដល់ការកើនឡើងនូវការប្រើប្រាស់យានយន្តអគ្គិសនីផងដែរ។ លោកស្រីប្តេជ្ញាជួយរដ្ឋាភិបាលនៅក្នុងអន្តរការណ៍នេះ និងស្វែងរកមធ្យោបាយដែលអាចធ្វើទៅបាន នៅក្នុងដំណើរទៅមុខ។” 
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅក្លាយជាសេដ្ឋកិច្ចមានអព្យាក្រឹតកាបូន នៅត្រឹមឆ្នាំ២០៥០ ដោយរាប់បញ្ចូលទាំងយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនគ្មានបំភាយកាបូនរួម មាន៧០ភាគរយនៃម៉ូតូ និង៤០ភាគរយ នៃរថយន្ត និងរថយន្តសាធារណៈក្នុងទីប្រជុំជន ជាយានយន្តអគ្គិសនី។ 
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ការលើកកម្ពស់ យានយន្តអគ្គិសនី ជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការកាត់បន្ថយបំភាយកាបូនក្នុងការដឹកជញ្ជូន សម្រេចបាននូវមហិច្ឆតានៃការរួមចំណែកតាមការកំណត់របស់ជាតិ និងឈានដល់អព្យាក្រឹតភាពនៃកាបូន នៅឆ្នាំ២០៥០។ លើសពីនេះទៀត វានឹងជួយកម្ពុជាក្នុងការធ្វើសមាហរណកម្មទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ ក្នុងតំបន់ និងពិភពលោក ជំរុញការអភិវឌ្ឍឧស្សាហកម្ម និងការបង្កើតការងារទៀតផង។ 
តាមការប៉ាន់ស្មាន ចំនួនយានយន្តសរុបដែលកំពុងធ្វើចរាចរនៅលើដងផ្លូវនៅកម្ពុជា អាចនឹងកើនឡើង ពី៦លានគ្រឿងនាពេលបច្ចុប្បន្ន ទៅដល់៨លានគ្រឿងនៅឆ្នាំ២០៣០ និង១៤លានគ្រឿងនៅឆ្នាំ២០៥០។ ប៉ុន្តែបច្ចុប្បន្ន ចំនួនរថយន្តអគ្គិសនីដែលធ្វើចរាចរលើដងផ្លូវក្នុងប្រទេសកម្ពុជា មានតិចជាង១ពាន់គ្រឿង ប៉ុណ្ណោះ៕

Comments

Related posts