ប្រជាពលរដ្ឋសប្បាយរីករាយ ទទួលអំណរឆ្នាំថ្មី ឆ្នាំរោងឆស័កពុទ្ធសករាជ ២៥៦៨

 

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ១៣ មេសា ២០២៤

a11-184

a12-178

a17-106

a14-156

a10-181

a15-131

a16-116

Mc៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដ៏សែនសប្បាយរីករាយនេះ នៅគ្រប់លំនៅឋានរបស់អ្នកភូមិនៅទូទំាងប្រទេស បានរៀបចំតុបតែងយ៉ាងស្រស់ស្អាត មានចងទង់ជាតិ ទង់សាសនា ទង់ជ្វាលាលំអដោយអំពូលភ្លើងចម្រុះពណ៌ បដាពាក្យសោ្លកសួស្តីឆ្នាំថ្មី នៅមុខផ្ទះរៀងៗខ្លួន ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំរោង ដែលចូលមកនៅក្នុងថ្ងៃសៅរ៍ ៥ កើត ខែ ចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។
 
   លោកស្រី វ៉ាន់ សេរី រស់នៅខេត្ត ពោធិ៍សាត់បានឱ្យដឹងថា ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ គ្រួសារបងស្រីពិតជារំភើប សប្បាយរីករាយ ដែលបានជួបជុំបងប្អូន ដើម្បីទទួលអំណរសាទរទេវតាឆ្នាំថ្មី និងជម្រះឧបទ្រពចង្រៃក្នុងឆ្នាំចាស់ត្រៀមទទួលសិរីសួស្ដីក្នុងឆ្នាំថ្មី។
  លោកស្រីបានបន្ថែមទៀតថា ជាពិសេស ក៏បានទិញនូវរបស់របរមួយចំនួនដូចជាម្ហូបអាហារ ផ្លែឈើ នំចំណី សម្លៀកបំពាក់ ទុកសម្រាប់ជូនឪពុកម្ដាយ និងជីដូនជីតា ព្រមទាំងធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់លោកអ្នកមានគុណ និងញាតិមិត្ត៧សន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ។
 «ទី១គឺយើងត្រូវទៅគោរពព្រះពុទ្ធសាសនា ព្រោះជាបុណ្យប្រពៃណីខ្មែររបស់យើង យើងមិនអាចបោះបង់ចោល មិនអាចបំភ្លេចបានទេ យើងត្រូវរំលឹក យើងត្រូវតែទៅយើងត្រូវតែគោរព ដើម្បីកុំឱ្យបាត់បង់ព្រះពុទ្ធសាសនារបស់យើង ទៅសុំសេចក្ដីសុខ និងបានពរពីព្រះសង្ឃផង និងចាស់ព្រឹទ្ធាចារ្យផង ដើម្បីឱ្យមានសុខចម្រើនក្នុងក្រុមគ្រួសាររបស់យើង  បើកាលណាយើងអត់ទៅ អត់គោរព កូនចៅយើងជំនាន់ក្រោយក៏ធ្វើតាមយើងដែរ ម្ល៉ោះហើយយើងដឹកនាំវាឱ្យល្អ »។
ចំណែកលោក បាន សំអូន រស់នៅរាជធានីភ្នំពេញបានឱ្យដឹងថា  នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ជាឆ្នាំដែលប្រទេសជាតិមានសុខសន្ដិភាព ស្ថេរភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលជាពេលវេលាល្អសម្រាប់ជួបជុំក្រុមគ្រួសារ ប្អូនបង ក៏ដូចជាធ្វើដំណើរកម្សាន្ដប្រកបដោយ ភាពសប្បាយរីករាយ ខណៈដែលតាមបណ្តាខេត្តក្រុងនានាជាច្រើនបានរៀបកម្មវិធីសង្ក្រាន្ត ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ។
   សូមបញ្ជាក់ថា  សម្រាប់ឆ្នំា២០២៤នេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមានចំនួន៤ថ្ងៃ ដោយ ក្នុងរយៈពេល៤ថ្ងៃនេះ ទំនៀមទម្លាប់ប្រជាជនខ្មែរតែរៀបចំផ្ទះសម្បែងយ៉ាងស្រស់ស្អាត ស្លៀកសម្លៀកបំពាក់ថ្មីៗហើយស្អាត ជួបជុំរីករាយនៅក្នុងក្រុមគ្រួសារ យកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់នៅតាមទីវត្តអារាម លេងល្បែងប្រជាប្រិយ និងការរាំច្រៀងលេងកម្សាន្តនៅក្នុងភូមិផងរបងជាមួយគ្នាផងដែរ។ បន្ថែមពីនេះនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ក៏ជាពេលវេលាមួយ សម្រាប់ឱ្យកូនចៅសំដែងការដឹងគុណ គោរពអ្នកមានគុណដោយងូតទឹក ដុសក្អែលជូនគាត់ ជូនសម្លៀកបំពាក់ ម្ហូបអាហារដល់គាត់ និងសុំខមាទោសរាល់កំហុសខុសឆ្គងពីមាតាបិតា គ្រូអាចារ្យ និងសុំពរជ័យសេចក្ដីសុខ សិរី សួស្តីសម្រាប់ឆ្នាំថ្មី៕

Comments

Related posts