ដឹងអត់ថា នៅក្នុងខេត្តសៀមរាបមានតំបន់ការពារធម្មជាតិចំនួនប៉ុន្មានកន្លែង?

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៧ ០៤ ២០២៤

IMG_8381-2

IMG_8383-2

IMG_8382-2

IMG_8384-2

IMG_8385-2

IMG_8386-1

នៅក្នុងខេត្តសៀមរាប មានតំបន់ការពារធម្មជាតិចំនួន៨កន្លែង ដែលស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋ ដើម្បីការពារពីការ ទន្ទ្រានកាន់កាប់ដោយឯកជន ការអភិរក្សនិងគ្រប់គ្រងព្រៃឈើ និងសត្វព្រៃ សម្រាប់វិស័យទេសចរណ៍ធម្មជាតិ និងនិរន្តរភាពទេសភាពបៃតង។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប។
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសនៃសិក្ខាសាលាបញ្រ្ជាបចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុដល់យុវជន និងអ្នកជំនាញសារព័ត៌មាន ក្នុងស្រុក កាលពីពេលថ្មីៗនេះ លោក ស៊ុន គង់ បានរៀបរាប់ថា តំបន់ការពារធម្មជាតិទាំង៨កន្លែងនោះមានដូចជា៖ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រក សត្វព្រៃបឹងពែរ ដែនជម្រកសត្វភ្នំត្នោតភ្នំពក តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប តំបន់ការពារទេសភាពអង្គរ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។ តំបន់ការពារធម្មជាតិទាំងអស់នេះ មានផ្ទៃដីសរុបប្រមាណ២៨ម៉ឺនហិកតា ដែលត្រូវបានការពារ ថែរក្សា ដើម្បីនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិ។
ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបរូបនេះ បានបន្តថា ក្នុងតំបន់ការពារធម្មជាតិទាំងអស់នេះ មានមន្ត្រីឧទ្យានុរក្សចំនួន១០១នាក់ ក្នុងនោះមានស្រ្តីចំនួន៥នាក់ ដែលត្រូវបាន ដាក់ឱ្យឈរជើង និងល្បាតនៅតាមស្នាក់ការចំនួន២៦កន្លែង។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំទីតាំងកម្សាន្ត និងបោះតង់ ទុក ប្រគល់ជូនប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីឱ្យពួកគាត់រកចំណូលបាន តាមរយៈការយកថ្លៃសេវាកម្មពីភ្ញៀវទេសចរ។
  ក្រសួងបរិស្ថាន ចាត់ទុកថា ការរៀបចំទីតាំងកម្សាន្ត និងបោះតង់ សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាផ្នែកមួយនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមិនត្រឹមតែទប់ស្កាត់បទល្មើសធនធានធម្មជាតិ សំដៅបង្កើនគម្របព្រៃឈើកម្ពុជាឱ្យបានចំនួន៦០ភាគរយ នៅឆ្នាំ២០៥០ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយរួមចំណែកលើកស្ទួយជីវភាពប្រជាសហគមន៍ឱ្យចាកផុតពីភាពក្រីក្រ តាមរយៈរកចំណូល ពីវិស័យទេសចរណ៍៕

Comments

Related posts