សង្ក្រាន្តសែនមនោរម្យ រយៈពេល៤ថ្ងៃ ទទួលបានភ្ញៀវទេសចរជាង ២ម៉ឺននាក់ មកចូលរួមទស្សនា និងរាំលេងកម្សាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ២០២៤

វិទ្យុជាតិកម្ពុជា៖ លោកស៊ីផុន ហ៊ុងគ្រី

មណ្ឌលគិរី៖ ក្នុងរយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងសង្ក្រាន្តសែនមនោរម្យ និងទស្សនាតាមរមណីដ្ឋានសំខាន់ៗ នៅក្នុងខេត្តសរុបចំនួន ២១,៥០៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២០,៦៦៨នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៨៣៧នាក់ នេះបើតាមរបាយការណ៍របស់លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។ លោក បញ្ជាក់ថា កត្តាដែលលំហូរចូលនៃភ្ញៀវទេសចរ ទី១. ដោយសារមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ ជាពិសេស អាកាសធាតុខេត្តមណ្ឌលគិរីត្រជាក់ជាងខេត្តផ្សេងៗ អាចធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ គាត់ចាប់អារម្មណ៍អញ្ជើញមកលេងច្រើនគួរអោយគាត់ស្គាល់។ ទី២ សណ្តាប់ធ្នាប់សាធារណៈគ្រប់ក្រុង ស្រុក និងនៅតាមរមណីដ្ឋាននានាក្នុងខេត្ត មានការការពាររក្សាសុវត្ថិភាពសាធារណៈបានល្អប្រសើរ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំសង្ក្រាន្តសែនមនោរម្យ រយៈពេល ៤ថ្ងៃ នៅបរិវេណសួនច្បារក្រុងសែនមនោរម្យ (សួនដំរីដែក) ជើងភ្នំដោះក្រមុំ ទំនប់សែនមនោរម្យ និងទំនប់សែនសុខដុម ក្នុងក្រុងសែនមនោរម្យ នឹងមានរៀបចំឱ្យមាននូវព្រឹត្តិការណ៍ជាច្រើនដូចជា ការប្រគុំតន្ត្រីរាំលេងកម្សាន្ត ការតាំងពិព័ណ៌ផលិតផលផ្សេងៗ ពិព័ណ៌ម្ហូបអាហារបងប្អូនជនជាតិដើមភាគតិច ការលេងល្បែងប្រជាប្រិយ និងមានការបាញ់កាំជ្រួចផងដែរ។ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរ  ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ ចូលរួមលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត និងការចូលរួមស្រង់ព្រះនៅវត្តសែនមនោរម្យ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ក្រោមម្លប់នៃសន្តិភាព។

លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ចំពោះស្ថានភាពទូទៅ ក៏ដូចជាការរៀបចំសង្ក្រាន្តសែនមនោរម្យ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃនេះ គឺប្រព្រឹត្តទៅដោយរលូន និងមិនមានភាពប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ លោក ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ រួមទាំងមន្រ្តីរាជការទាំងអស់ ដែលបានអញ្ជើញចូលរួមលេងកម្សាន្ត នៅខេត្តមណ្ឌលគិរី ដើម្បីបង្កបរិយាកាសយ៉ាងសប្បាយរីករាយ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។ លោក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមធ្វើដំណើរដោយសុខសុវត្ថិភាពតាមផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមទុកដាក់កាក់សំណល់នានាឲ្យបានត្រឹមត្រូវ ដើម្បីឲ្យខេត្តរបស់យើង ក៏ដូចជាប្រទេសរបស់យើង មានភាពស្រស់បំព្រង៕  photo_2024-04-17_14-43-18photo_2024-04-17_14-43-26photo_2024-04-17_14-43-34photo_2024-04-17_14-43-41

photo_2024-04-17_14-43-56

Comments

Related posts