ក្រុមគោលដៅងាយរងគ្រោះជាង៦ម៉ឺននាក់ បានជួយសង្គ្រោះពីករណីអំពើហិង្សា ការរំលោភបំពាន និងការរើសអើង

 

វិទ្យុជាតិកម្ពុជា លោកស្រី ឃួន លក្ខិណា 18/04/2024

IMG_8546

IMG_8545

IMG_8544

IMG_8543

IMG_8542

អង្គការអុកស្វាមរួមទាំងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត បានរួមគ្នាអនុវត្តនូវគម្រោងចំនួន៥៤ ដើម្បីជួយដល់ជនងាយរងគ្រោះ៥គោលដៅរួមមាន៖ ជនមានពិការ ក្រុមអ្នកស្រលាញ់ភេទដូចគ្នា អ្នកប្តូរយេនឌ័រ (LGBTQI)  ក្រុមស្ត្រីដែលប្រឈមមុខនឹងការកេង ប្រវ័ញ្ច អំពើហិង្សា និង/ឬការរំលោភបំពាន ក្រុមយុវជន និងមនុស្សចាស់ដែលងាយរងគ្រោះ ក្រុមជនជាតិដើមភាគតិច និងជនជាតិភាគតិចជាដើម។
អង្គការអុកស្វាមនិងដៃគូអភិវឌ្ឍន៍នានា បានរួមគ្នាអនុវត្តនូវកម្មវិធី វ៉យ ដែលបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ ២០១៦ ហើយបានដំណើរការអស់រយៈពេល ៨ ឆ្នាំមកហើយ។ ជាមួយគ្នានេះអង្គការអុកស្វាមបានធ្វើការសម្របសម្រួល និងគាំទ្រអង្គការដៃគូក្នុងស្រុកដែលមានចំនួន ៥៤ គម្រោងទៀត។ 
បើតាមលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា កម្មវិធី វ៉យ បានផ្តល់លទ្ធផលជាវិជ្ជមាន ដោយផ្ទាល់ទៅដល់ក្រុមគោលដៅងាយរងគ្រោះចំនួន ៦៨,៩៦៨នាក់។ លោកស្រីមានប្រសាសន៍ថា៖«យើងធ្វើការជាមួយក្រុមគោលដៅងាយរងគ្រោះចំនួន ៥ រួមមានជនមានពិការ ក្រុមជនមានពិការភាពក្រុម ក្រុមអ្នកស្រលាញ់ភេទដូចគ្នា អ្នក ប្តូរយេនឌ័រ (LGBTQI)  ក្រុមស្ត្រីដែលប្រឈមមុខនឹងការកេងប្រវ័ញ្ច អំពើហិង្សា និង/ឬការរំលោភបំពាន ក្រុមយុវជន និងមនុស្សចាស់ដែលងាយរងគ្រោះ ក្រុមជនជាតិដើមភាគតិច និងជនជាតិភាគតិច»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាមកម្ពុជាបានឱ្យដឹងថា ការបំពងសំឡេង គឺជាការផ្តល់នូវវីធីសាស្រ្ត និងការគាំទ្រដើម្បីធ្វើឱ្យការបន្លឺសំឡេងកាន់តែខ្លាំង និងមានឥទ្ធិពលទទួលបានការដោះស្រាយនិងឆ្លើយតប។ 
ការស្វែងរកការគាំទ្រមតិ ពាក់ព័ន្ធនឹងការប្រើប្រាស់វិធីសាស្រ្តផ្សេងៗ គឺដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរដូចជាការចូលរួមកិច្ចពិភាក្សាជាមួយអ្នកដឹកនាំ និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ឧទាហរណ៍ការស្វែងរកការគាំទ្រមតិដ៏ជោគជ័យមួយ ដែលបានធ្វើឡើងដោយក្រុមមនុស្សចាស់ គឺនៅពេលដែលតំណាងមកពីសមាគមមនុស្សចាស់កម្ពុជាត្រូវបានតែងតាំងជាផ្លូវការ និងបានចូលរួមយ៉ាងសកម្មនៅក្នុងក្រុមការងារបច្ចេកទេស ដើម្បីរៀបចំផែនការសកម្មភាពមនុស្សចាស់ថ្នាក់ជាតិឆ្នាំ ២០២១-២០២៥ ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង ការស្តារនីតិសម្បទាយុវជន។ លទ្ធផលទាំងនេះគឺជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការអនុវត្តគោលការណ៍ “ផ្តើមចេញពីយើង ដើម្បីយើងទាំងអស់គ្នា និងមិនទុកនរណាម្នាក់ចោលឡើយ។
"ការផ្សារភ្ជាប់ និងរៀនសូត្ររបស់កម្មវិធី វ៉យ" គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងកម្មវិធី វ៉យ។ វាគឺជាវេទិកាដែលជំរុញកិច្ចសហប្រត្តិបត្តការ ការផ្សារភ្ជាប់ទំនាក់ទំនង ការចែករំលែកចំណេះដឹង និងការច្នៃប្រឌិត ហើយនិងការបំពាក់ចំណេះដឹងថ្មីៗ សម្រាប់ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងការផ្សព្វផ្សាយនៅក្នុងសហគមន៍។ សហគមន៍នេះរួមមានអង្គការដៃគូ ក្រុមគោលដៅ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
គោលបំណង គឺដើម្បីជំរុញការរៀនសូត្រផ្អែកលើអំណះអំណាងជាក់ស្ដែង និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងការអនុវត្តគម្រោង ជាមួយនឹងការសម្រេចបាននូវគោលដៅបរិវត្តកម្មប្រកបដោយភាពច្នៃប្រឌិតសម្រាប់ក្រុមដែលប្រឈមនឹងភាពងាយរងគ្រោះ និងការរើសអើង។
បើទោះបីជាកម្មវិធី វ៉យ បានឈានដល់ការបិទបញ្ចប់បន្ទាប់ពីការអនុវត្តអស់រយៈពេល ៨ ឆ្នាំនៅក្នុងប្រទេសកម្ពុជា និងប្រទេសចំនួន ១០ ផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ អាហ្វ្រិកខាងកើត និងខាងលិច ក៏មានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាបន្ន និងការពង្រឹងភាពអង់អាចដល់ក្រុមគោលដៅងាយរងគ្រោះរបស់យើងនៅតែបន្ត៕

Comments

Related posts