ប្រជាជនកម្ពុជា-ចិនមានតួនាទីសំខាន់ក្នុងការជំរុញឱ្យមានទំនាក់ទំនងទៅវិញទៅមក

 

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

IMG_8609-1
ភ្នំពេញ៖ ប្រជាជនកម្ពុជា-ចិន ជាពិសេសយុវជនពិតបានដើរតួនាទីសំខាន់ណាស់ក្នុងការជំរុញឱ្យមានទំនាក់ទំនងទៅវិញទៅមកកាន់តែរឹងមាំថែមទៀត ខណៈដែលទំនាក់ទំនងប្រទេសទាំងពីរកំពុងឈានដល់ចំណុចល្អលើគ្រប់វិស័យ។ 
 លោកបណ្ឌិតកៅមុយ ថង អ្នកវិភាគនៅកម្ពុជាបានបញ្ជាក់ថា  មកដល់ពេលនេះ ទំនាក់ទំនងកម្ពុជាចិន គឺជាទំនាក់ទំនងមួយឈានទៅដល់ទំនាក់ទំនងមិត្តភាពគ្រប់ជ្រុងជ្រោយ ឬហៅថាទំនាក់ទំនងពេជ្រប្រាំមួយជ្រុងហើយដែលយើងកំណត់ថា ឆ្នាំ២០២៤ជាឆ្នាំមួយផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដើម្បីជំរុញ នៃការអភិវឌ្ឍប្រទេសយើងទាំងពីរលើគ្រប់វិស័យ។
លោកបណ្ឌិតបញ្ជាក់ថា  យើងមិនមែនធ្វើមានតែទំនាក់ទំនងរដ្ឋនិងរដ្ឋ  ឬស្ថាប័នកំពូលនៃរដ្ឋាភិបាលទេ គឺយើងឈានទៅដល់ការធ្វើទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដើម្បីឈ្វេងយល់ និងជោគជ័យទាំងអស់គ្នា នៅលើគ្រប់កម្រិត។
 «គឺមានសារ:សំខាន់ណាស់សម្រាប់ជំរុញនូវការយល់ដឹងអំពីវប្បធម៌ នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។  មិនមែនគ្រាន់តែរដ្ឋាភិបាលត្រូវយល់ទេ ក៏ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវយល់ដឹងដែរ ។ ឧទាហរណ៍យើងមិនត្រូវមានការរើសអើង  យើងមិនត្រូវនិយាយថា ជនជាតិនេះ ជនជាតិនោះទេ  អាហ្នឹងគឺខាតបង់ទាំងអស់  ប្រសិនបើយើងរើសអើង យើងលាបពណ៌ជនជាតិនេះ ជនជាតិនោះអាក្រក់ ជនជាតិនេះអីចេះអីចុះគឺខាតបង់ហើយ។អ៊ីចឹងខ្ញុំសូមអំពាវនាវថាមិនត្រូវលាបពណ៌នូវជនជាតិបរទេសនោះទេ។ ប្រទេសគេគឺគេព្យាយាមធ្វើយ៉ាងម៉េចឱ្យមិនឱ្យលាបពណ៌ទេ រហូតដល់ថា ពេលយើងខុសឆ្គងបន្តិចបន្តួចគេលើកលែងទាំងស្រុងនូវជនបរទេសដើម្បីជំរុញនូវទំនាក់ទំនងឱ្យកាន់តែល្អប្រសើរនៃប្រជាជន និងប្រជាជន។»
លោកបណ្ឌិតបញ្ជាក់ថា ដើម្បីឱ្យទំនាក់ទំនងកម្ពុជាចិនកាន់តែល្អថែមទៀតនោះ ប្រជាជន នៃប្រទេសទាំងពីរគប្បីឈ្វេងយល់ពីវប្បធម៌រវាងគ្នានិងគ្នា ហើយដាច់ខាតមិនត្រូវមានការលាបពណ៌គ្នា  មិនត្រូវនិយាយពីចំណុចអវិជ្ជមានរបស់គ្នា យើងត្រូវយល់ដឹងពីចំណុចល្អរបស់គេជារឿងសំខាន់។
លោកបណ្ឌិត ជាមុនី ឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍភាពកម្ពុជា-ចិនបានចូលរួមជាគំនិតដែរថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដែលដាក់ចេញដោយលោកស៊ីជីងពីងប្រធានាធិបតីចិន នៅក្នុងនោះមានចំណុចមួយដែលសំខាន់ គឺការតភ្ជាប់រវាងប្រជាជន និងប្រជាជន ។ ហើយដោយឡែកឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីបានកំណត់យកជាឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ដើម្បីបង្កើនល្បឿនស៊ីជម្រៅ ពីគ្នាទៅវិញទៅមក។ 
« ក្នុងន័យនេះ កម្ពុជាក៏ចង់ឱ្យប្រជាជនចិនយល់កាន់តែស៊ីជម្រៅពីប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជា ក៏ត្រូវយល់ដឹងដូចគ្នាដែរ។ដើម្បីយល់ច្បាស់ប្រជាជនជាពិសេសយុវជនកម្ពុជាជាអ្នកបន្តវេនត្រូវឈ្វេងយល់ឱ្យបានច្បាស់លាស់ទៅតាមលក្ខខណ្ឌទិដ្ឋភាពប្រវត្តិសាស្ត្រ ច្បាប់ ជាពិសេសការសម្រេចរបស់អង្គការសហប្រជាជាតិស្តីពីការទទួលស្គាល់ចិនតែមួយ ដើម្បីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅ  ជាលក្ខណៈកល្យាណមិត្តផង ជាមិត្តដែកថែបរវាងកម្ពុជានិងចិនឱ្យកាន់តែរឹងមាំថែមទៀតផង។»
សម្រាប់ឆ្នាំ២០២៤នេះក្រុមអ្នកវិភាគ និងសង្គមស៊ីវិលនៅកម្ពុជាបានបង្ហាញក្តីសង្ឃឹម  ជឿជាក់ថា ចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិននឹងកាន់តែរឹងមាំគង់វង្សស្ថិតស្ថេរដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ ផ្នែកលើទំនាក់ទំនង ដ៏ល្អរវាងប្រទេសទាំងពីរ និងការសហការគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំកម្ពុជា-ចិន ប្រទេសទាំងពីរកាន់តែយល់ចិត្តគ្នា ហើយគាំទ្រគ្នាគ្រប់កាលៈទេសៈ៕

Comments

Related posts