ការពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មិនត្រឹមតែធានាការព្យាបាលជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងផ្ដល់ភាពងាយស្រួលក្នុងការផ្ដល់សេវាព្យាបាលជូនភ្ញៀវទេសចរផងដែរ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

សៀមរាប៖សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មិនត្រឹមតែ ធានាការព្យាបាលជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺផ្ដល់ភាពងាយស្រួលក្នុងការផ្ដល់សេវាព្យាបាលជូនភ្ញៀវ ទេសចរ ផងដែរ  ពិសេសបានបង្ខិតសេវា និងលើកកម្ពស់ការព្យាបាលជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ ពេទ្យបង្អែក ខេត្តសៀមរាប ដែលមានតម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា  មានប្រសាសន៍ថា អគារមណ្ឌលផ្តល់សេវាវះកាត់នេះ នឹងជំរុញឱ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្លាយជាមន្ទីរពេទ្យដ៏ទំនើបមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធសំណង់ និងការបំពាក់សម្ភារៈឧបករណ៍ពេទ្យ ព្រមទាំង មានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបទាន់សម័យ ស្របតាមស្តង់ដារអន្តរជាតិ ដើម្បីផ្តល់សេវាថែទាំសុខភាព គ្រប់ជ្រុងជ្រោយ ដូចជាសេវាពិគ្រោះជំងឺ, សេវាអប់រំលើកកម្ពស់សុខភាព និងបង្ការជំងឺ, សេវាវិភាគរោគវិនិច្ឆ័យ និងសេវាសម្រាកព្យាបាល និងថែទាំ។
សម្ដេចធិបតីអះអាងថា អគារវះកាត់ថ្មីនេះ មានសមត្ថភាពអាចវះកាត់ខួរក្បាល និងសរីរាង្គក្នុងរាងកាយមួយ ចំនួនទៀត។
សម្ដេចធិបតីបានបញ្ជាក់ថា មន្ទីរពេទ្យនៅខេត្តសៀមរាប មិនត្រឹមតែធានាការព្យាបាលជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺផ្ដល់ភាពងាយស្រួលក្នុងការផ្ដល់សេវាព្យាបាលជូនភ្ញៀវទេសចរផងដែរ។
សម្ដេចធិបតីបន្ថែមថា មន្ទីរពេទ្យថ្នាក់តំបន់នេះ ដើម្បីធានាប្រសិទ្ធភាពក្នុងការព្យាបាល គឺបានកាត់បន្ថយបន្ទុក នៃការមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ជំនួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ក្នុងការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ នៅក្រោយសង្គ្រាមជាង២ទសវត្សរ៍កន្លងមកនេះ។ ជាពិសេសការជួយគាំទ្រ ក្នុងវិស័យសុខាភិបាល ដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត,ការអភិវឌ្ឍធនធានមនុស្ស និងការបំពាក់ ឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅតាមមូលដ្ឋានសុខាភិបាលមួយចំនួន ដូចជា មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន, មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរីនៃខេត្តបន្ទាយមាន ជ័យ, មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម, មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង, មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងពេលនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕photo_2024-04-20_10-29-11photo_2024-04-20_10-28-25photo_2024-04-20_10-29-07photo_2024-04-20_10-29-06

Comments

Related posts