វិទ្យាស្ថានជាតិអប់រំបានរៀបចំពិព័រណ៍ស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តមបាន យ៉ាងល្អ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៦ មេសា ២០២៤

IMG_9698-2

IMG_9697-1

IMG_9693

IMG_9687-1

IMG_9694-1

IMG_9689-1

IMG_9692

IMG_9685-1

MC៖ រដ្ឋលេខាធិការក្រសួងអប់រំ កោតសរសើរគណៈគ្រប់គ្រង និងអ្នកពាក់ព័ន្ធទាំងអស់នៃវិទ្យាស្ថានជាតិអប់រំ ចំពោះការខិតខំប្រឹងប្រែងក្នុងការរៀបចំពិព័រណ៍ ស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ដើម្បីឱ្យវិទ្យាស្ថានជាតិអប់រំ ក្លាយទៅជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូគំរូ ក្នុងការបណ្តុះបណ្តាលមូលធនគ្រូបង្រៀន។

ក្នុងការតាំងពិព័រណ៍អប់រំ ស្តីពីស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ចំនួន ៥ចំណុចរួមមាន៖ (១).បច្ចុប្បន្នភាពលើការអប់រំនៅកម្ពុជា ពិសេសកំណែទម្រង់គ្រូបង្រៀន ដោយផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងក្នុងសតវត្សរ៍ទី២១ (២). ស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន រួមមាន៥ចំណុចគឺ គុណវុឌ្ឍិ បំណិនជីវិត បទពិសោធន៍ លទ្ធផលការងារ និងសមត្ថភាពវិជ្ជាជីវៈ (៣). ការរៀបចំពិព័រណ៍ ស្នាដៃស្រាវជ្រាវអប់រំ និងការ ស្រាវជ្រាវជាប្រចាំ (៤). គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគំរូ និង (៥). ការផ្តោតលើអនាគតរបស់ប្រទេសជាតិ ដោយផ្តោតលើកំណើនសេដ្ឋកិច្ចជាតិ ដែលចេញមកពីមូលធនមនុស្ស គ្រូបង្រៀន និងគរុកោសល្យ។ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរគណៈគ្រប់គ្រង គ្រូឧទ្ទេស បុគ្គលិកអប់រំ និងគរុនិស្សិតទាំងអស់ នៃវិទ្យាស្ថានជាតិអប់រំ ចំពោះការខិតខំប្រឹងប្រែងក្នុងការរៀបចំពិព័រណ៍អប់រំនេះ និងបន្តអភិវឌ្ឍខ្លួនបន្ថែមទៀត ដើម្បីឱ្យវិទ្យាស្ថានជាតិអប់រំ ក្លាយទៅជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូគំរូ ក្នុងការបណ្តុះបណ្តាលមូលធនគ្រូបង្រៀន។
សូមបញ្ជាក់ថា ពិរព័រណ៍អប់រំនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៤ និងមានគោលបំណងចំនួន៧ រួមមាន៖ (១). ជំរុញគរុនិស្សិតឱ្យអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈតាមរយៈការសរសេរសៀវភៅសិក្សាគោល ការសរសេរសៀវភៅកិច្ចការបង្រៀន ការផលិតសម្ភារៈឧបទេសបង្រៀន ការសរសេរសៀវភៅសំណួរចម្លើយ និងល្បែងសិក្សា និងការបង្កើតគំនិតថ្មីៗ (២). ជំរុញគរុនិស្សិតឱ្យចេះកែលម្អវិធីសាស្ត្របង្រៀន និងរៀនដោយប្រើប្រាស់សម្ភារៈក្នុងស្រុក (៣). ជំរុញឱ្យមានការប្រឡងប្រណាំងក្នុងការផលិត និងប្រើប្រាស់ សម្ភារៈឧបទេសរៀន និងបង្រៀន (៤). ជំរុញឱ្យគរុនិស្សិតចេះផ្សារភ្ជាប់ទ្រឹស្តី ដែលមានចែងក្នុងខ្លឹមសារមេរៀនទៅនឹងការអនុវត្តជាក់ស្តែង (៥). ជំរុញឱ្យមានការអនុវត្តស្ទែមនៅក្នុងការបង្រៀន និងរៀន (៦). បង្កើតឱ្យមានឥរិយាបថចូលរួមយ៉ាងសកម្មក្នុងការផលិតសម្ភារៈសម្រាប់ការរៀន និងបង្រៀន និង(៧). បណ្តុះឱ្យមានវប្បធម៌ស្វ័យសិក្សា និងការស្រាវជ្រាវ។
ប្រធានបទស្រាវជ្រាវចំនួន ១១៣របស់គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ត្រូវបានដាក់តាំងបង្ហាញ ដែលក្នុងនោះរួមមាន៖ (១). អក្សរសាស្ត្រខ្មែរចំនួន១៥ប្រធានបទ (២). ភាសាអង់គ្លេស៩ប្រធានបទ (៣).  ប្រវត្តិវិទ្យា៥ប្រធានបទ (៤). ភូមិវិទ្យា៣ប្រធានបទ (៥). សីលធម៌-ពលរដ្ឋ៣ប្រធានបទ (៦). ព័ត៌មានវិទ្យា៩ប្រធានបទ (៧). គណិតវិទ្យា១៧ប្រធានបទ (៨). រូបវិទ្យា៧ប្រធានបទ (៩). គីមីវិទ្យា៩ប្រធានបទ (១០). ជីវវិទ្យា៥ប្រធានបទ (១១).  ផែនដីវិទ្យា៨ប្រធានបទ (១២). សេដ្ឋកិច្ច៦ប្រធានបទ (១៣). អគ្គិសនី១ប្រធានបទ (១៤). អេឡិចត្រូនិក១ប្រធានបទ (១៥). វិស្វកម្មកុំព្យូទ័រ៣ប្រធានបទ (១៦). មេកានិក២ប្រធានបទ (១៧). បសុវប្បកម្ម៣ប្រធានបទ (១៨). កេ្សត្រសាស្ត្រ ៤ប្រធានបទ និង (១៩). កែច្នៃអាហារ៣ប្រធានបទ។ ប្រធានបទទាំង ១១៣នេះ ត្រូវបានបែងចែកជា ៥បណ្ដុំ រួមមាន៖ ផ្នែកសរសេរសៀវភៅសិក្សាគោលចំនួន ២៤ប្រធានបទ ផ្នែកសរសេរសៀវភៅកិច្ចតែងការបង្រៀន ចំនួន ១៨ប្រធានបទ ផ្នែកផលិតសម្ភារៈឧបទេសចំនួន ១៩ប្រធានបទ ផ្នែកសរសេរសំណួរចម្លើយនិងល្បែងសិក្សាមាន ២៣ប្រធានបទ និងផ្នែកនវានុវត្តចំនួន ២៩ប្រធានបទ៕

Comments

Related posts