វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ មន្ទីរផែនការខេត្តព្រះវិហារ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រី ត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ សម្រាប់អង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ ក្រោម អធិបតីភាព លោក មិន ស៊ីថា អភិបាលរងខេត្ត លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្ត លោក ជា គុង មន្ត្រី ប្រចាំតំបន់តំណាងក្រសួងផែនការ និងសហការី មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ចំនួន ៤៨នាក់។
លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្ត បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺរៀបចំឡើង មានរយៈពេល ០៥ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណង បង្ហាត់បង្រៀន ដល់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ចុះប្រតិបត្តិ សម្ភាសន៍ស្រង់ទិន្នន័យ នៅតាមគោលដៅ ទីតាំងអង្កេតឱ្យទទួល បានជោគជ័យ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ លោកស្រី បានបន្ថែមថា អង្កេតចន្លោះជំរឿនប្រជាជននៅព្រះ រាជាណាចក្រកម្ពុជាឆ្នាំ២០២៤ គឺជាអង្កេតលើកទី៣ ដែលផ្តោតសំខាន់លើទិន្នន័យបច្ចុប្បន្នកម្ម ប្រជាជន សុខភាព និងបញ្ហាសង្គមមួយចំនួន សម្រាប់វិភាគពហុសមាសធាតុក្រីក្រ ក្នុងចំណោមប្រជាជនកម្ពុជា ដើម្បីបំពេញតម្រូវការ រៀបចំគោលនយោបាយអភិវឌ្ឍជាតិ ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា បច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជនឆ្នាំ ២០១៦-២០៣០ និងរៀបចំផែនការតាមវិស័យជាច្រើនទៀត ដើម្បីគាំទ្រយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក មិន ស៊ីថា អភិបាលរងខេត្ត បានឱ្យដឹងថា វគ្គបណ្តុះ បណ្តាលនាពេលនេះ គឺមានសារ:សំខាន់ណាស់ ដើម្បីពង្រឹងសមត្ថភាពទាំងចំណេះដឹង និងចំណេះធ្វើ ដល់មន្ត្រីត្រួត ពិនិត្យ និងមន្ត្រីសម្ភាសន៍ ដែលជាអ្នកត្រូវចុះអនុវត្តន៍ផ្ទាល់ ក្នុងការសិក្សាឈ្វេងយល់ពីអត្ថន័យ ខ្លឹមសារ បញ្ជីសំណួរ ក៏ ដូចជាឯកសារពាក់ព័ន្ធនានា នៅតាមទីតាំងមណ្ឌលអង្កេត ដែលស្ថិតនៅក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ និងក្រុង ស្រុក ចាប់ពីថ្ងៃទី ០៣ រហូតដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកបានបន្ថែមថា ទិន្នន័យ និងព័ត៌មាន ស្ថិតិ ដែលនឹងត្រូវទាញចេញពីលទ្ធផលចុងក្រោយ នៃអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤នេះ គឺជាធាតុចូល និង ភស្តុតាងដ៏សំខាន់ ដែលអ្នកធ្វើគោលនយោបាយយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រជាសាស្ត្រ ឱ្យចំ គោលដៅសម្រាប់រយៈពេលខ្លី មធ្យម និងវែង។ ដូច្នេះហើយ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស ដែលធ្លាប់ មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការងារជំរឿន អង្កេត និងពិភាក្សាឱ្យបានផុលផុសអំពីកម្រងសំណួរ ដើម្បី ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។ ដោយឡែក មន្ទីរផែនការ ត្រូវយកចិត្តទុកដាក់បំផុតក្នុងដំណើរការ អង្កេតចន្លោះជំរឿនប្រជាជនកម្ពុជានេះ នៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ និងក្រុង ស្រុក ដើម្បីធានាបាននូវការរាប់ និងសម្ភាសន៍គ្រួសារឱ្យបានគ្រប់តាមការកំណត់នៅតាមមណ្ឌលអង្កេតនីមួយៗ ជាពិសេស ត្រូវធ្វើការសម្របសម្រួល ចំពោះគ្រួសារដែលពុំសហការផ្តល់ចម្លើយឱ្យបានទាន់ពេលវេលា ដើម្បីឱ្យមន្ត្រីសម្ភាសន៍បានជួបសម្ភាសន៍ប្រមូលទិន្នន័យ៕
Comments