អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៨ក្រុមហ៊ុន

 

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ ២៦ ០៤ ២០២៤  

IMG_9596-1

IMG_9595-1

IMG_9597-1

IMG_9599-1

  MC៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា  បច្ចុប្បន្នអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៨ក្រុមហ៊ុន ដែលមានទុនវិនិយោគជិត៥លានដុល្លារអាមេរិក។
  លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោកតែងតែកៀរគរអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីឱ្យមកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងគឺខេត្តព្រះសីហនុ បានខិតខំប្រឹងប្រែង ដោយរហូតមកដល់ពេលនេះ ទទួលបានអ្នកវិនិយោគជាបន្តបន្ទាប់ ខណៈនាពេលថ្មីៗនេះ ឯកឧត្តមនៃគណៈអភិបាលខេត្ត បានចុះហត្ថលេខាទៅលើវិញ្ញាបនបត្រទទួលស្គាល់គម្រោង ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់មួយបន្ថែមទៀត របស់ក្រុមហ៊ុនរោងចក្របរទេស  ដែលមានទុនចុះបញ្ជីសរុបប្រមាណជាង១លាន ៥សែនដុល្លារ និងទុនវិនិយោគប្រមាណជាង៣លានដុល្លារ ដែលកន្លងទៅខេត្តបានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ៧គម្រោងរួចមកហើយ  ដូច្នេះមកដល់ពេលនេះសរុបទាំងអស់ចំនួន៨គម្រោង។ លោកអភិបាលរងបន្តថា សម្រាប់ទុនវិនិយោគក្រោម៥លានដុល្លារដោយយោងទៅតាមអនុក្រឹត្យ ១៣៩ គឺជាសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី-ខេត្ត ដូច្នេះនៅក្រោមកញ្ចប់ ទុនវិនិយោគក្រោម៥លានដុល្លារនេះ គឺជាការសម្រេចរបស់អនុគណៈកម្មការវិនិយោគរាជធានី-ខេត្ត។ លោកអភិបាលរងបានបន្ថែមទៀតថា ក្រុមការងារនៃអនុគណៈកម្មការវិនិយោគខេត្ត គឺបានជួយសម្របសម្រួលជូនអ្នកវិនិយោគឱ្យកាន់តែមានភាពងាយស្រួលជាងពេលកន្លងមក។ 
« អនុគណៈកម្មការវិនិយោគច្រកចេញចូលតែមួយ គឺជាអ្នកដែលមានតួនាទី ក្នុងការប្រមូលវេចខ្ចប់ ឯកសារជូនអ្នកវិនិយោគតែម្ដង ដោយអ្នកវិនិយោគគ្រាន់តែដាក់ឯកសារមកលេខាធិការដ្ឋានយើងខ្ញុំ ដែលយើងធ្វើការកំណត់ថ្ងៃ ដើម្បីឱ្យគាត់មកយកតែម្ដង។ តាំងពីច្បាប់ដែលបានអនុញ្ញាតបង្កើត អនុគណៈកម្មការវិនិយោគរាជធានីខេត្ត បានតម្រូវឱ្យទុនវិនិយោគសមូលក្រោម២លានដុល្លារ ដែលជាសមត្ថកិច្ចរបស់អនុគណៈកម្មការវិនិយោគរាជធានីខេត្ត ប៉ុន្តែច្បាប់ថ្មី បានតម្លើង រហូតទៅដល់៥លានដុល្លារ ដែលក្នុងនោះតាំងពីពេលនោះមកគឺនៅក្នុងខេត្តព្រះសីហនុយើងគឺទទួលបានក្រុមហ៊ុនចំនួន៧ហើយ បូកបន្ថែមក្រុមហ៊ុន ថ្មី១នេះ ទៀត សរុបទាំងអស់៨គម្រោងនៅក្នុងខេត្តព្រះសីហនុតែម្ដង ។ »
  លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្ននេះ ខេត្តព្រះសីហនុ ទទួលបានការវិនិយោគថ្មីរហូតទៅដល់៨គម្រោងក៏ដោយ  ប៉ុន្តែឯកឧត្តមអភិបាលខេត្ត នឹងខិតខំជំរុញការចុះបញ្ជីឱ្យបានកាន់តែច្រើនបន្ថែមទៀត តាមរយៈការរៀបចំផែនការផ្សព្វផ្សាយជូនទៅដល់អ្នកវិនិយោគទាំងអស់ឱ្យមកធ្វើការចុះបញ្ជី ក៏ដូចជាការលើកទឹកចិត្ត ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែច្រើនបន្ថែមទៀត៕

Comments

Related posts