សៀមរាប៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មូលនិធិSanyប្រទេសចិន និង មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានរួមគ្នាចុះហត្ថលេខាលើអនុស្សារណៈស្តីពី«កិច្ចសហប្រតិបត្តិការអនុវត្តគម្រោងបោសសម្អាតមីននៅកម្ពុជាផ្តល់អត្ថប្រយោជន៍សាធារណៈ» ដោយមូលនិធិSanyប្រទេសចិននឹងផ្តល់ Excavator ចំនួន១គ្រឿងដល់CMAC។ ក្នុងឱកាសដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី «ពិភពលោកគ្មានមីន» លោកស្រី Song Ximei នាយកប្រតិបត្តិមូលនិធិSanyប្រទេសចិនបានថ្លែងថា ចាប់ពីឆ្នាំ២០១៨មក មូលនិធិSanyប្រទេសចិន និង មូលនិធិBeijing Peacelandប្រទេសចិន បានរួមកម្លាំងគ្នាក្នុងការរួមចំណែកជាមួយអង្គពាក់ព័ន្ធនានាដើម្បីបោសសម្អាតមីន ហើយចាប់ពីឆ្នាំ២០២៣មក ក្រោមកិច្ចសម្របសម្រួលពីមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) មូលនិធិទាំង២បានចូលរួមនៅក្នុងការផ្តល់សម្ភារៈ និងអាហារដល់កងកម្លាំងរបស់CMACដែលបាននិងកំពុងបំពេញការងារនៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ ដោយមានកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោកស្រីបានគូសរំលេចពីការត្រៀមខ្លួនរួចជាស្រេចរបស់មូលនិធិចិនទាំង២ក្នុងកិច្ចសហការជាមួយCMACលើការរួមចំណែកសរសេរទំព័រថ្មីនៃកិច្ចកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកCMAC បានថ្លែងនូវការកោតសរសើរដល់មូលនិធិSanyប្រទេសចិន និងមូលនិធិBeijing Peaceland រួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលតែងបានផ្តល់កិច្ចសហការល្អជាមួយCMACដើម្បីរួមចំណែកឈានទៅសម្រេចបាននូវការកំចាត់គ្រាប់មីនអស់ពីទឹកដីកម្ពុជា។ តាមរយៈអនុស្សារណៈដោយរំលេចពីការទទួលអំណោយExcavatorចំនួន១គ្រឿង CMACនឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពខ្ពស់ជួយផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្រោយពីទទួលបានដីពីការបោសសម្អាតមីន។ លោក Lu Qizhi អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបបានសាទរនឹងសមិទ្ធផលថ្មីបន្ថែមទៀតរបស់មូលនិធិទាំង២របស់ប្រទេសចិនដែលតែងបានសហការជាមួយCMACក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតមីនទាំងស្រុងចេញពីទឹកដីកម្ពុជា។ បន្ថែមពីលើនេះ លោកក៏បានសាទរនឹងលទ្ធផលផ្លែផ្កាដែលបានកើតចេញពីកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយមានការអញ្ជើញចូលរួមដោយគណៈប្រតិភូសរុបប្រមាណ៧០០នាក់មកពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០៕