វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៧ ១១ ២០២៤
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អះអាងថា គម្រោងព្រែកជីហ្វូណនតេជោ នឹងធ្វើរួចតាមផែនការគ្រោងទុក ដោយពុំមានការរាំងស្ទះថវិកាពីដៃគូ វិនិយោគ ដូចការផ្សព្វផ្សាយព័ត៌មានពីក្រៅប្រទេសមួយចំនួនតូចនោះឡើយ។
ក្នុងពិធីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបើកការដ្ឋានមក រាជរដ្ឋាភិបាលបានធ្វើ ការងារនេះរហូត ក្នុងនោះរាប់តាំងពីជាមួយគណៈកម្មាធិការទន្លេមេគង្គ និងអ្នកជំនាញពីប្រទេសចិន ទៅលើផលប៉ះពាល់បរិស្ថាន ដោយបានវាយតម្លៃ និងផ្តល់ព័ត៌មានត្រឡប់វិញថា មិនប៉ះពាល់ដល់បរិស្ថាន នោះទេ។ នៅពេលទឹកស្រក ក្រុមជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្តើមចុះ បោះបង្គោលនិយាមការ សម្រាប់ផលប៉ះពាល់របស់ប្រជាពលរដ្ឋ ដើម្បីដាក់ទៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោះស្រាយសំណង ដោយមិនឱ្យបាត់ដីរបស់ប្រជាពលរដ្ឋមួយចំអាម និងដើមឈើមួយដើម នោះឡើយ។
ឯកឧត្តម បានបន្តថា ផ្ទះរបស់ប្រជាពលរដ្ឋដែលរងប៉ះពាល់មានចំនួន២.៣០៥ខ្នង ក្នុងនោះ មាន៤០០ខ្នង ប៉ះពាល់ខ្លាំង ហើយត្រូវរើប្តូរទីតាំងទៅកន្លែងថ្មី។ ចំណែកផលប៉ះពាល់ទៅលើដើមឈើរបស់ប្រជាពលរដ្ឋមានចំនួន១៤៩.១៦៣ដើម។
គម្រោងព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីបាន សិក្សាពីការតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ ទៅផ្លូវសមុទ្រខេត្តកែបប្រវែងសរុបប្រមាណ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយមានទទឹង មុខកាត់ពី៨០ម៉ែត្រ ទៅ១០០ម៉ែត្រ ជាមួយការគ្រោងចំណាយថវិកាសម្រាប់ជីក និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រមាណ១.៧០០លានដុល្លារ។
តាមផែនការ គម្រោងព្រែកជីកនេះ នឹងធ្វើឱ្យរួចរាល់នៅត្រឹមដំណាច់ឆ្នាំ២០២៧ គ្រាដែលតាមការ សិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា បង្ហាញថា វានឹងផ្តល់ផលចំណេញផ្នែក សេដ្ឋកិច្ច ចន្លោះពី៨៨ទៅ៥៧០លានដុល្លារ ក្នុងមួយឆ្នាំ រាប់ចាប់ពីគម្រោងចាប់ផ្តើមដាក់ឱ្យ នាវាចរនៅឆ្នាំ២០២៨ ដល់ឆ្នាំ២០៥០៕