វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៧ ១១ ២០២៤
ភ្នំពេញ ៖ ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ព័ត៌មាននិងប្រព័ន្ធ ផ្សព្វផ្សាយ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម ខណៈដែលការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់នៃវិស័យព័ត៌មាន។
ក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានអាស៊ាននេះ បានពិនិត្យនិងពិភាក្សាអំពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងការ យកចិត្តទុកដាក់ក្នុងការជំរុញឱ្យមានទិដ្ឋភាពព័ត៌មានប្រកបដោយថាមពល និងរួមបញ្ចូល ដែលឆ្លុះបញ្ចាំង ពីទស្សនៈវិស័យរួមគ្នារបស់អាស៊ានស្តីពីការរួបរួម និងវឌ្ឍនភាព។
កិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានអាស៊ាន (SCI) នៃកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មាន អាស៊ានលើកទី៥៩ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសណ្ឋាគារសាន់វេ ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម ខណៈពិភពលោកកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ន នេះ។
ឯកឧត្តម បានបន្តថា ទន្ទឹមនឹងនេះ វិស័យព័ត៌មានក៏ប្រឈមមុខនឹងបញ្ហាសំខាន់ៗ ដូចជាការផ្សព្វផ្សាយ ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់នៃវិស័យព័ត៌មាន, ការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល (Al) ដែលគ្មានសីលធម៌ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងសុវត្ថិភាព, ការជឿទុកចិត្តជា សាធារណៈលើប្រព័ន្ធផ្សព្វផ្សាយបន្តធ្លាក់ចុះ ដោយបំផ្លាញសិទ្ធិអំណាចរបស់ខ្លួន ជាប្រភពដែលអាចទុក ចិត្តបាន, គំរូធុរកិច្ចបែបប្រពៃណី ដែលផ្តល់មូលនិធិដល់អង្គការប្រព័ន្ធផ្សព្វផ្សាយកំពុងស្ថិតក្រោមភាព តានតឹង ដោយធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃសារព័ត៌មាន និងការរាយការណ៍ប្រកបដោយវិជ្ជាជីវៈ។
ឯកឧត្តម បានបន្តទៀតថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ អាស៊ានចាំបាច់ក្នុងការអនុម័តវិធីសាស្រ្ត ពហុភាគី។ អនុគណៈកម្មាធិការព័ត៌មានអាស៊ាន (SCI) ដែលមានភារកិច្ចលើកកម្ពស់ ពង្រឹងនិងជំរុញ កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ានក្នុងវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ គឺជាវេទិកាថ្នាក់តំបន់ សម្រាប់យើង ធ្វើការរួមគ្នា ចូលរួមជាមួយភាគីពាក់ព័ន្ធជាច្រើន ដើម្បីធានាបាននូវទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយ ដ៏រឹងមាំ គួរឱ្យទុកចិត្ត និងប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានអាស៊ាននាឱកាសនេះនឹងវាយតម្លៃស្ថានភាព នៃគម្រោង ដែលកំពុងដំណើរការ និងស្វែងរកឱកាសថ្មីសម្រាប់ការសហការ រួមទាំងគំនិតផ្តួចផ្តើម ជាមួយដៃគូសន្ទនា៕