វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកស៊ីផុន ហ៊ុងគ្រី
មន្ទីព័ត៌មានខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរីបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៥នៅ សាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលខេត្ត ដោយបានបង្ហាញថា ក្នុងរយៈពេល ត្រីមាសទី១ ឆ្នាំ២០២៥នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរីខិតខំបំពេញការងារទទួលបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះ ឯកឧត្តម ឈួន វិន ជាប្រធាន បានសម្តែងនូវការអបអរសាទរលើសមិទ្ធផលទាំងអស់ និងថ្លែងអំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅខេត្តមណ្ឌលគិរី ដែលបានប្រឹងប្រែងរួមគ្នាក្នុងការបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន នាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរបស់ខេត្ត ទទួលបានលទ្ធផលជាច្រើនកន្លងមក។ ជាពិសេសលើ សកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ ដែលបានចុះធ្វើវេទិកាសាធារណៈថ្នាក់ជាតិ តាមលំដាប់ថ្នាក់នីមួយៗ ទទួលបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក ព្រមទាំងក្តាប់បាននូវ បញ្ហាប្រឈម តម្រូវការ និងចម្ងល់នានារបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ឯកឧត្តម បានដាក់ទិសដៅបន្ត ដូចខាងក្រោម៖ (១).បន្តចុះធ្វើវេទិកាសាធារណៈថ្នាក់ជាតិឱ្យគ្រប់ឃុំ សង្កាត់ នៅឆ្នាំ២០២៥នេះ (២).បញ្ហាប្រឈម សំណើ និងសំណូមពរចុះវេទិកាសាធារណៈ (៣).ការចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ (៤).ការចែករំលែកបទពិសោធន៍ និងការប្រើយន្តការដោះស្រាយ (៥).ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥លាននាក់ (៦).ការស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (៧).ឯកសារជំនួយស្មារតីចុះធ្វើវេទិកាសាធារណៈ (៨).ជ្រើសរើសក្រុងស្រុកគោលដៅជាអាទិភាពដំបូងគេ ស្នើរៀបចំធ្វើបទបង្ហាញករណីសិក្សាការងារចំនួន២ ដែលបានដាក់ចេញទិសដៅកន្លងមក គឺ ទី១. សិក្សាកំណត់ឱ្យមានតំបន់គោលដៅទេសចរណ៍ដែលត្រូវទៅទស្សនាតាមក្រុង ស្រុក ដោយកំណត់អាទិភាព ៣ទៅ៥ទីតាំង និង ទី២. សិក្សាគោលដៅទេសចរណ៍តាមរដូវកាល ជូនអង្គប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ខាងមុខនេះ (៩).ការចែកកូនឈើហូបផ្លែ (១០).ការផ្តល់បណ្ណប.ស.ស (១១).ការកែសម្រួលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន (១២).ការរៀបចំមន្រ្តីបង្គោលទៅតាមឃុំ សង្កាត់ (១៣).ការចែកបណ្ណកម្មសិទ្ធិដីធ្លី (១៤).គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅភូមិភាគឦសាន (១៥).ពង្រឹងសមត្ថភាពបច្ចេកទេសបណ្តាញសង្គម និងថតរូប។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បញ្ជាក់ថា លទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានចូលរួមគាំទ្រ និងចូលរួមអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមទាំងការគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។ ក្នុងរយៈពេលត្រីមាសទី១កន្លងមកនេះ ក្រុមការងារសម្រេចបានសមិទ្ធផលសំខាន់ៗ ដូចជាការចុះធ្វើវេទិកាសាធារណៈ បានចំនួន៧លើក ក្នុងនោះនៅស្រុកកែវសីមា ១លើក ស្រុកអូររាំង ២លើក ក្រុងសែនមនោរម្យ ១លើក ស្រុកកោះញែក ១លើក និងស្រុកពេជ្រាដា ២លើក៕