វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៧ ០៣ ២៥
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន។
សម្តេចតេជោមានប្រសាសន៍ថា នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាសុីនឃោសនាដែលឯកឧត្ដមប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា។
សម្តេចតេជោបានជំរាបអង្គប្រជុំអាស៊ាន អាមេរិកចំពោះមុខឯកឧត្ដមប្រធានាធិបតី ត្រាំ នៅហ្វីលីពីនឆ្នាំ២០១៧ថា ការមិនទុកលើអាមេរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឲ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក។
ចរិតមាយាទ និងសំដីនៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូចនៃបណ្តាញព័ត៌មាននេះឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ។
សម្តេចតេជោសូមកោតសរសើរ និងសូមអរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ៕