វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោក វណ្ណៈ មន្ទីរព័ត៌មានខេត្តស្វាយរៀង
ស្វាយរៀង៖ លោក សាន់ នាង អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងបានជំរុញនិងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សគ្រប់សាលាបឋមសិក្សាត្រូវលេងកីឡាយ៉ាងហោចណាស់ឱ្យបានមួយវិញ្ញាសាដើម្បីសុខភាព សាមគ្គីភាព និងការលូតលាស់រាងកាយរបស់ខ្លួនបានល្អ។
ការផ្ដាំផ្ញើរបស់លោកអនុប្រធានមន្ទីរអប់រំពេលនេះក្នុងពេលដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ 2024 2025 នៅក្នុងបរិវេណមន្ទីរអប់រំយុវជននិងកីឡាកខេត្តកាលពីថ្ងៃទី 14 ខែមីនា ឆ្នាំ 2025 ព្រមទាំងមានការអញ្ជើញចូលរួមពីគ្រូបង្វឹក ក្រុង ស្រុក និងកីឡាសិស្សបឋមសិក្សាជាច្រើនទៀត។
លោក សាន់ នាង បានបញ្ជាក់ថា មន្ទីរអប់រំខេត្តបានរៀបចំការប្រកួតកីឡាសិស្ស ចាប់តាំងពីថ្ងៃទី 11 ដល់ថ្ងៃទី 14 ខែមីនាឆ្នាំ 2025 ក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យកីឡាបឋមសិក្សាឱ្យមានការរីកចម្រើននិងធ្វើការជ្រើសរើសជើងឯក ប្រចាំឆ្នាំថ្នាក់ខេត្តនិងដើម្បីចូលរួមប្រកួតកីឡាសិស្សបឋមសិក្សានៅថ្នាក់ជាតិនៅពេលខាងមុខនេះ។
លោកបានផ្តាំផ្ញើដល់គ្រូបង្វឹកកូនក្មួយកីឡាករ កីឡាការិនីទាំងអស់បន្តខិតខំលេងកីឡាឱ្យបានខ្លាំងក្លាថែមទៀតដើម្បីដណ្ដើមយកជ័យលាភីនៅថ្នាក់ជាតិជូនសាលារបស់ខ្លួនក៏ដូចជូនខេត្តទាំងមូល និងត្រូវមានការសាមគ្គីគ្នាអនុវត្តតាមការណែនាំរបស់គ្រូបង្វឹក។
លោក គង់ ទិត្យកុមារ ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំបានឱ្យដឹងថា សម្រាប់ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា2024 - 2025 នេះមានកីឡាករកីឡាការិនីសិស្សបឋមសិក្សាចូលរួមប្រកួតមាន
1 -បាល់ទាត់បុរស 7 ក្រុមស្មើ 126 នាក់ បាល់ទាត់នារី 7 ក្រុមស្មើ 126 នាក់។
2 -បាល់ទះបុរស 7 ក្រុមស្មើ 84 នាក់ បាល់ទះនារី 5 ក្រុមស្មើ 60 នាក់។
3 -បាល់បោះបុរស4ក្រុមស្មើ 48 នាក់ បាល់បោះនារី 4 ក្រុមស្មើ 48 នាក់។
4 -អត្តពលកម្មបុរស8 ក្រុមស្មើ 48 នាក់ អត្តពលកម្មនារី 8 ក្រុមស្មើ 48 នាក់
5 -ប៉េតង់បុរស5 ក្រុមស្មើ 10 នាក់ ប៊ូលនារី 8 ក្រុមស្មើ 10 នាក់។
ចំពោះចំណាត់ថ្នាក់គ្រប់វិញ្ញាសាពីលេខ3ដល់លេខ 1 ទទួលបានពាន1ទង់មួយថវិកា និងសម្ភារៈកីឡាមួយចំនួនផងដែរ៕