វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ ១៥ ០៣ ២០២៥
MC លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុថ្មី បានប្ដេជ្ញាដឹកនាំសម្របសម្រួលការងារលើវិស័យសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ ឱ្យមានការរីកចម្រើនបន្ថែម ទៀត ដើម្បីរូមចំណែកធ្វើឲ្យខេត្ត ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្មទេសចរណ៍ ប្រកបដោយបរិស្ថានល្អទាក់ទាញឱ្យ មានការចង់រស់នៅប្រកបដោយសុខដុមរមនា ។
កាលលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់មុខតំណែង របស់លោក ម៉ឹង យូឡេង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុថ្មី កាលពីពេលថ្មីៗនេះ។
លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុថ្មី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាល ខេត្តព្រះសីហនុ ដែលបានផ្តល់ការគាំទ្រដល់រូបលោកឱ្យមកបំពេញភារៈកិច្ចជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ នាពេលនេះ។ ដើម្បីជាសក្ខីភាពឆ្លើយតបទៅនឹងការទុកចិត្តរបស់រាជរដ្ឋាភិបាល លោកប្រធាន បានធ្វើការប្ដេជ្ញាចិត្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននិងរដ្ឋបាលខេត្ត។
ទន្ទឹមនឹងនោះ លោក ម៉ឹង យូឡេង ក៏បានប្ដេជ្ញាពង្រឹងកិច្ចសហការទំនាក់ទំនងការងារឱ្យបានល្អជាមួយមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តតាមផែនការដែលបានគ្រោងទុក ឱ្យមានប្រសិទ្ធភាពខ្ពស់៕