វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៦ ០៣ ២០២៥
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប )បានចុះពិនិត្យមើលការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ច សន្យារយៈពេលខ្លីសម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសចុះពិនិត្យមើលការប្រឡងនេះ ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប បានថ្លែងអំណរគុណ ដល់អនុគណៈកម្មការរៀបចំការប្រឡងខេត្តស្វាយរៀង ដែលបានខិតខំយកទឹកដាក់ក្នុងការរៀបចំ ការប្រឡងជ្រើសរើសនេះ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ នីតិវិធី និងសេចក្ដីណែនាំរបស់ គ.ជ.ប។
ឯកឧត្តម បានថ្លែងថា ក្នុងនាមឯកឧត្តមផ្ទាល់សូមថ្លែងអំណរគុណដោយសេចក្ដីគោរពដល់ក្រសួងស្ថាប័ន ដែលបានផ្ដល់ធនធានមនុស្សមកចូលរួមជាមួយ គ.ជ.ប ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តមបានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នេះ គឺជាដំណាក់កាលសំខាន់មួយក្នុងដំណើរការរៀបចំការបោះឆ្នោត នោះគឺការរៀបចំបញ្ជីបោះឆ្នោតដែលធានាបាននូវភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ ហេតុនេះ មន្ត្រីកិច្ចសន្យារយៈពេលខ្លីដែលបាន ប្រឡងជាប់ សូមយកចិត្តទុកដាក់ខ្ពស់ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ នីតិវិធី ក្រមសីលធម៌ និង លិខិតបទដ្ឋានគតិយុត្តនានា របស់ គ.ជ.ប ដើម្បីបង្ហាញនូវភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ដែលអាច ទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត៕