វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៨ មីនា ២០២៥
អន្តរជាតិ៖ ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន ក្នុងតំបន់ហ្គាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល បានកើនឡើងដល់ ១០០នាក់ និង១៥០នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ តាមក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន មនុស្សយ៉ាងហោច ១០០នាក់បានស្លាប់ ក្នុងនោះមានទាំងកុមារជាច្រើននាក់ និងមន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់ហាម៉ាស និងជាង ១៥០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាស។ នៅថ្ងៃអង្គារនេះយោធាអ៉ីស្រាអែលបានប្រកាសថា ខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយប្រឆាំងនឹងក្រុមហាម៉ាស នៅទូទាំងតំបន់ហ្គាហ្សា បន្ទាប់ពីកិច្ចចរចាស្ដីពីបទឈប់បាញ់បានជាប់គាំង។ ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែលក៏បានបញ្ជាក់ដែរថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានចេញបញ្ជាឱ្យយោធាអ៉ីស្រាអែលចាត់វិធានការសកម្មភាពដ៏ខ្លាំងក្លាប្រឆាំងក្រុមហាម៉ាស ជាការឆ្លើយតបទៅនឹងការបដិសេធរបស់ក្រុមមួយនេះចំពោះការដោះលែងចំណាប់ខ្មាំង និងបានច្រានចោលរាល់សំណើបទឈប់បាញ់ទាំងអស់។ ពីពេលនេះទៅ អ៉ីស្រាអែលនឹងធ្វើសកម្មភាពប្រឆំាងហាម៉ាស ជាមួយការបង្កើនអំណាចយោធា។ បើតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យលោក Netanyahu បានបន្ថែមថា ការវាយប្រហារអាចនឹងបន្តធ្វើឡើងក្នុងករណីចាំបាច់៕