ឯកឧត្តម ស សុខា ៖ រយៈពេល៣ឆ្នាំ រដ្ឋបាលថ្នាក់ក្រោមជាតិបានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន

Narith | ថ្ងៃទី 18 ខែ មីនា ឆ្នាំ 2025


វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៨ ០៣ ២៥
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងថា រយៈពេល៣ឆ្នាំកន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិបានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន ដើម្បីឆ្លើយតាមតម្រូវការ និងបង្ខិតសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីបើកវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប. បានមានប្រសាសន៍ថា «ផ្អែកលើមូលដ្ឋាននេះ ក្នុងរយៈពេល៣ឆ្នាំ (២០២១-២០២៣) កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិបានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមមាន ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមតាមមូលដ្ឋាននីមួយៗ ការផ្តល់សេវាសាធារណៈដែលជាសេវាតម្រូវការ និងសេវាសំណូមពរនានារបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ជាពិសេស សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងសេវាសង្គមគាំពារដល់ការលើកកម្ពស់ សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ គ្រួសាររងគ្រោះនិង ងាយរងគ្រោះ ជនមានពិការភាព ស្ត្រី និងកុមារ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នានានៅមូលដ្ឋាន ដូចជា ការសាងសង់ ការជួសជុល ការថែទាំផ្លូវថ្នល់ ស្ពាន លូ ប្រឡាយ ប្រព័ន្ធធារាសាស្ត្រ សួនច្បារ អគារសាលារៀន និងសំណង់សិល្បការ្យផ្សេងៗទៀតដែលជាតម្រូវការ នៅមូលដ្ឋាន»។
ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា ផ្អែកតាមគោលការណ៍ឯកភាពរបស់រាជរដ្ឋាភិបាល គ.ជ.អ.ប. បានរៀបចំ និងដាក់ចេញ នូវសេចក្ដីណែនាំស្តីពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងផែនការសកម្មភាពសម្រាប់អនុវត្ត។ វេទិកានេះ ត្រូវរៀបចំរៀងរាល់៣ឆ្នាំម្ដង ដោយចាប់ផ្តើមអនុវត្តដំបូងពីឆ្នាំ២០២៤ ក្នុងគោលបំណងវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រួចការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ឯកឧត្តមបញ្ជាក់ថា
កិច្ចដំណើរការរៀបចំវេទិកានេះត្រូវអនុវត្តទៅតាមជំហានសំខាន់ៗចំនួន បី រួមមាន៖ ជំហានទី១៖ ការរៀបចំវេទិកានៅថ្នាក់ក្រោមជាតិ ដែលជំហាននេះត្រូវរៀបចំនៅថ្នាក់ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងនៅថ្នាក់រាជធានី ខេត្តនីមួយៗ។ ជំហានទី២៖ ការរៀបចំកិច្ចប្រជុំរបស់អនុគណៈកម្មាធិការនានានៃគ.ជ.អ.ប. និងការរៀបចំ កិច្ចប្រជុំគ.ជ.អ.ប. និង ជំហានទី៣៖ ការរៀបចំវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបាន និងកំពុងប្រព្រឹត្តទៅយ៉ាងអធិកអធមនាពេលនេះ។
ក្នុងជំហាននីមួយៗផ្តោតលើការពិនិត្យ និងពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៧ ដែលពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖ ១. ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងារ, ២. ស្ថានភាពនៃការផ្ទេរ និងការអនុវត្តមុខងារ, ៣. ស្ថានភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស, ៤. ការគ្រប់គ្រង ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ, ៥. ទំនាក់ទំនងការងារ និងខ្សែគណនេយ្យភាពផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាង រដ្ឋបាលថ្នាក់ក្រោមជាតិជាមួយស្ថាប័នថ្នាក់ជាតិ និងជាមួយប្រជាពលរដ្ឋ, ៦. ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន និង, ៧. ការគាំទ្រ តាមដាន ត្រួតពិនិត្យ វាយតម្លៃ ការធ្វើអធិការកិច្ច និងសវនកម្ម។
លើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ដើម្បីធានាដល់ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្របតាម គោលការណ៍ ខ្លឹមសារ និងជំហាននានាដែលបានកំណត់ គ.ជ.អ.ប.បានសហការរៀបចំយន្តការ គាំទ្រ បណ្តុះបណ្តាល តាមដាន ត្រួតពិនិត្យ និងតម្រង់ទិសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដំណើរការរៀបចំវេទិកានេះ។ រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេស បានរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារសម្រាប់រយៈពេល៣ឆ្នាំ (២០២១-២០២៣) សម្រាប់ជាមូលដ្ឋានរៀបចំកិច្ចប្រជុំ និងវេទិកាដោយមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ វាយតម្លៃទៅលើលទ្ធផលការងារ និងបញ្ហាប្រឈម ព្រមទាំងបានកំណត់នូវវិធានការ ចាំបាច់នានាសម្រាប់ដោះស្រាយបញ្ហាប្រឈមដែលរដ្ឋបាលរបស់ខ្លួនបានជួបប្រទះ៕

ឯកឧត្តម ស សុខា ៖ រយៈពេល៣ឆ្នាំ រដ្ឋបាលថ្នាក់ក្រោមជាតិបានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន