វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា ២០ ០៣ ២៥
ក្រចេះ៖ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ចាត់ទុក អគារផ្នែកជំងឺ កុមារកម្ពស់ ២ជាន់ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គឺជាផ្ទះ ទេវតាដែលនឹងជួយព្យាបាលជំងឺ សង្គ្រោះជីវិតទារក និងកុមារ និងជាកន្លែងដែលផ្តល់ក្តីសង្ឃឹមរស់ដល់ អ្នកជំងឺកុមារដោយក្រុមគ្រូពេទ្យទេវតា ពិសេសការព្យាបាលជំងឺជូនកុមារនៅតាមបណ្តាខេត្ត ក្នុងភូមិភាគ ឦសានកាន់តែទទួលបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។
ការលើកឡើងបែបនេះរបស់ឯកឧត្ដមរដ្ឋមន្ត្រីទាំងពីររូបបានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារផ្នែកជំងឺកុមារថ្មី ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៥ ដែលគាំទ្រថវិកាដោយអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា។
ឯកឧត្ដមរដ្ឋមន្ត្រី ឈាង រ៉ា និងឯកឧត្ដម នេត្រ ភក្ត្រា បានថ្លែងថា អគារផ្នែកកុមារថ្មីនេះ បានបង្កើន សមត្ថភាពបន្ថែមដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះក្នុងការព្យាបាលជំងឺជូនកុមារ និងធ្វើឱ្យកាន់តែមានជំនឿ ទុកចិត្ត បន្ថែមទៀតពីប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ក៏ដូចជាបណ្តាខេត្តនានានៅជាប់ខេត្តក្រចេះ លើការ ផ្តល់សេវាព្យាបាលជូនដល់ប្រជាពលរដ្ឋ និងជាគម្រោងមានសារៈសំខាន់ ចាំបាច់ក្នុងការចូលរួមធ្វើ ទំនើបកម្មវិស័យសុខាភិបាល និងអភិវឌ្ឍសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ,ឯកឧត្ដមរដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍន៍វិស័យសុខាភិបាលឱ្យមានការរីកចម្រើនកាន់តែខ្លាំង ក្រោមការដឹកនាំ ប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអ្នកបន្តវេនដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភា។
ឯកឧត្ដម នេត្រ ភក្ត្រា បានបន្តថា ក្នុងក្របខណ្ឌនៃការលើកកម្ពស់គុណភាពសេវាសុខាភិបាល និង ការ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនេះ, ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ គ្រប់ជាន់ថ្នាក់បានសហការគ្នាជាមួយរដ្ឋបាលខេត្ត និងជាពិសេសមន្ទីរ សុខាភិបាលខេត្តក្រចេះក្នុងការផ្តល់ការគាំទ្រសម្ភារៈដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព និងឱសថខ្លះសម្រាប់ការព្យាបាលជូនដល់ប្រជាពលរដ្ឋតាមរយៈសកម្មភាពនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលលោកបានបង្កើតឡើង ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ផង និងរុញសេវាសុខាភិបាលទៅដល់ពលរដ្ឋ ដែលនៅដាច់ស្រយាល ឬប្រជាពលរដ្ឋដែលលំបាកធ្វើដំណើរមកកាន់មន្ទីរពេទ្យ។ ទោះបីជាសកម្មភាពនេះតិចតួចដែលរៀបចំឡើងមួយដងក្នុងមួយខែ ប៉ុន្តែបានចូលរួមជាមួយរាជរដ្ឋា ភិបាល ផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋរាប់ពាន់នាក់។
ឯកឧត្ដមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ជឿជាក់ថា អគារនេះនឹងបម្រើសេវាយ៉ាងសកម្មចូលរួមកាត់បន្ថយ អត្រាមរណភាពទារក និងកុមារដោយផ្ដល់នូវការព្យាបាលជំងឺកុមារសម្រាប់កុមារនិងទារកក្នុងខេត្តក្រចេះ និងបណ្តាខេត្តនានាជាពិសេសផ្តល់ភាពងាយស្រួល និងរុញសេវាបានជិតប្រជាពលរដ្ឋ នៅក្នុងបណ្តាខេត្ត នៅភូមិភាគឦសានដែលពីមុនធ្លាប់តែឆ្ងាយ ប៉ុន្តែឥឡូវនេះ បានកៀកជិត និងប្រកបដោយជំនឿទុកចិត្ត ខ្ពស់ ដោយមិនចាំបាច់ធ្វើដំណើរវែងឆ្ងាយទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ឬបណ្តាខេត្តផ្សេងទៀត ដូចពីមុន។
បើតាមឯកឧត្ដមរដ្ឋមន្ត្រី ឈាង រ៉ា បានថ្លែងថា អគារដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ គឺជាសមិទ្ធផលដ៏ថ្មីមួយទៀត ដើម្បីបម្រើសេវាសុខាភិបាល ជូនដល់កុមារកម្ពុជា ប្រកបដោយស័ក្តិសិទ្ធិ ភាព ដល់កុមារកម្ពុជា ជាពិសេសកុមារ និងទារកនៅមូលដ្ឋានខេត្តក្រចេះ។ ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន» គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស។
ឯកឧត្ដមសាស្ត្រចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានបញ្ជាក់ថា វិស័យសុខាភិបាលរីកចម្រើនបាន ទាល់តែមានការ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ខណៈនៅមូលដ្ឋានខេត្តក្រចេះ ក្រោមការជួយជ្រោមជ្រែងពីសំណាក់ ឯកឧត្ដមរដ្ឋមន្ត្រីមន្ត្រី នេត្រ ភក្ត្រា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តក្រចេះ គឺបានធ្វើ សកម្មភាពជាច្រើនជាមួយនឹងវិស័យសុខាភិបាលក្នុងមូលដ្ឋាន ដែលបានចូលរួមចំណែកយ៉ាងខ្លាំង លើផ្នែកសុខុមាលភាពរបស់ប្រជាជនជាមួយក្រសួងសុខាភិបាល។
ទន្ទឹមមនឹងនេះដែរ ឯកឧត្ដមសាស្ត្រចារ្យ បានគូសបញ្ជាក់ថា៖ «កាលណាឃើញមុខរដ្ឋមន្ត្រីក្រសួងព័ត៌មាន (ឯកឧត្តម នេត្រ ភក្ត្រា) ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តក្រចេះ ដូចឃើញមុខរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅចំពោះមុខដែរ»៕