វិទ្យុជាតិកម្ពុជា៖ lលោក ជួន បូណា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ ថា សមិទ្ធផលទំនើបកម្មក្នុងមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នារវាងកម្ពុជា និងចិននាពេលនេះ គឺជាសមិទ្ធផលយ៉ាងធំធេង និងជាមរតកប្រវត្តិសាស្រ្តសម្រាប់កងទ័ពកម្ពុជា និងមិត្តភាព និងបង្កើនទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីរួមចំណែកជាមួយប្រទេសក្នុងតំបន់ ក្នុងការពង្រឹងសន្តិសុខក្នុងលំហសមុទ្រ ។
ការអះអាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីបន្ថែមថា ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ការធ្វើទំនើបកម្មកងទ័ព គឺជាការគិតគូរអំពីការការពារអធិបតេយ្យភាពជាតិ ទប់ទល់នឹងការឈ្លានពានពីខាងក្រៅ។
សម្ដេចធិបតី ផ្ញើសារបញ្ជាក់ទៅមិត្តបរទេសទាំងអស់ថា គ្មាននរណាស្រឡាញ់អធិបតេយ្យកម្ពុជា ការពារអធិបតេយ្យកម្ពុជា ជាងកម្ពុជានោះទេ បន្ទាប់ពីមិត្តបរទេសមួយចំនួនបង្ហាញពីការបារម្ភចំពោះចិនដែលធ្វើឱ្យបាត់បង់អធិបតេយ្យភាពរបស់កម្ពុជា។
សម្ដេចធិបតីបញ្ជាក់ថា មូលដ្ឋានរាម គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាតែមួយគត់ គ្មានចំណែកណាត្រូវ បានកាត់ទៅដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពណានោះឡើយ។
សម្តេចធិបតី បានប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពនៅកម្ពុជានោះឡើយ ខណៈដែលមានប្រទេសជាច្រើនក្នុងតំបន់បានដាក់ឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីខ្លួនដោយចំហ ប៉ុន្ដែប្រទេសកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើដែនអធិបតេយ្យរបស់ខ្លួននោះឡើយ។ បើទោះបីកម្ពុជាចង់បើកឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជាមែននោះ គឺកម្ពុជាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រានោះគឺបានហើយ តែកម្ពុជាមិនមានបំណង មិនមានចេតនាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើមាត្រានេះនោះទេ ដោយកម្ពុជាប្ដេជ្ញាបន្តគោរពតាមរដ្ឋធម្មនុញ្ញដែលមានស្រាប់ជាដដែល។
សំឡេង«.
ក្នុងឱកាសនោះ សម្ដេចធិបតី បានប្រកាសស្វាគមន៍បណ្ដាប្រទេសជាមិត្ដ និងនាវាប្រទេសនានា ចូលចតនៅមូលដ្ឋានសមុទ្ររាមចេញចូលធ្វើទស្សនកិច្ច និងធ្វើការហ្វឹនហ្វឺនរួមគ្នា ដោយគ្មានការលាក់លៀមឡើយ៕