វិទ្យុជាតិកម្ពុជា៖ ដោយ ចន ណារិទ្ធ
រាជធានីភ្នំពេញ៖ ក្នុងនាមអាជ្ញាធរក៏ដូចរដ្ឋបាល
រាជធានីភ្នំពេញ លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ បងប្អូនអាជីវករអ្នកលក់ដូរតាមបណ្តោយផ្លូវថ្មើរជើងគឺហាមមិនឲ្យក្រាលកន្ទេលលក់ដូរ និងអង្គុយញ៊ាំលើស្មៅលើសួនច្បារដែលបណ្តាលឲ្យងាប់ស្មៅ ងាប់ផ្កានិងប៉ះពាល់ដល់បរិស្ថាន។មួយរយៈកន្លងមកនេះ គេសង្កេតឃើញមានការក្រាលកន្ទេលលក់ និងមានអ្នកអង្គុយញ៊ាំលើស្មៅនិងចាក់កាកសំណល់តាមមាត់លូហើយថែមទាំងមានអ្នកទិញកាន់មកញ៊ាំលើស្មៅដែរ គឺទាំងអ្នកលក់និងអ្នកទិញត្រូវហាមមិនឲ្យអង្គុយលើស្មៅដាច់ខាត។
លោកស្រីដោ សម្ផស្ស គូសបញ្ជាក់ថា៖ផ្លូវថ្មើរជើងជាតំបន់ស្ងួតហាមលេងបាញ់ទឹក ជះទឹក។តែបើបងប្អូនចង់បានតំបន់ត្រជាក់ចិត្តសូមទៅលេងនៅសង្គ្រាន្តវត្តភ្នំជុំវិញបរិវេណរមណីយ៏ដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសង្ក្រាន្តវត្តភ្នំដើម្បីផ្តល់ឧិកាសជូនបងប្អូនប្រជាពលរដ្ឋយើងរួម ទាំងភ្ញៀវទេសចរជាតិ អន្តរជាតិមានកន្លែងលេងកម្សាន្តសម្បូរបែប និងច្រើនទីតាំងក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័កព.ស២៥៦៩ ត្រូវនឹងគ.ស២០២៥ ដែលពិធីបុណ្យចូលឆ្នាំថ្មីនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃគឺពីថ្ងៃទី១៤ដល់១៦មេសា។ នៅល្ងាចថ្ងៃសៅរ៏ទី៥ ខែមេសាដែលជាសប្តាហ៏ទី១នៃខែថ្មី ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជេីញអមដំណេីរលោកជំទាវបណ្ឌិត ពេជចន្ទ័មុនី ហ៊ុនម៉ាណែត អញ្ជើញទៅពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមបណ្តោយផ្លូវថ្មើរជើងមាត់ទន្លេ ដោយឯកឧត្តមឃួង ស្រេងបានធ្វើការណែនាំបន្ថែមដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អប្រសើរ ដោយត្រូវធានាថា ទាំងសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើងក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីនេះប្រព្រឹត្តទៅដោយរលូននិងផ្តល់ភាព សប្បាយរីករាយដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងបងប្អូនមកពីតាមបណ្តាខេត្តរួមទាំងភ្ញៀវទេសចរបរទេសផង បានសប្បាយរីករាយ និងមានភាពកក់ក្តៅក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង។តាមបណ្តោយផ្លូវថ្មើរជើង រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឲ្យមានការលក់ដូរលើដងផ្លូវនាពេល រាត្រីភាគច្រើនជាផលិតផលផលិតដោយដៃ រួមទាំងការរៀបចំឪ្យមានការសម្តែងសិល្បៈបុរាណសម័យច្រើនទម្រង់ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកលេងកម្សាន្ត២ថ្ងៃក្នុងមួយសប្តាហ៏គឺថ្ងៃសៅរ៏ និងថ្ងៃអាទិត្យ។ដោយឡែកសម្រាប់ ពិធីបុណ្យចូលឆ្នាំ៣ថ្ងៃរដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យមានការលេងកម្សាន្ត បន្ថែម៣ថ្ងៃទៀត។ឯកឧត្តមអភិបាលបានអំពាវនាវឲ្យបងប្អូនអាជីវករលក់ដូរ នៅ ផ្លូវថ្មើរជើងក៏ដូចបងប្អូនដែលមកលេងកម្សាន្ត ឪ្យចូលរួមលើកកម្ពស់អនាម័យ បរិស្ថាន,វេចខ្ចប់កាកសំណល់ហូបចុករួចត្រូវច្រកក្នុងថង់រួចយកទៅដាក់ក្នុងធុង សំរាមដែលនៅជិតបងប្អូន។បងប្អូនត្រូវយល់ថា៖ទីក្រុងស្អាត មានអនាម័យល្អ គឺ ផ្តើមចេញពីយើងម្នាក់ និងធ្វើខ្លួនជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងដែលស៊ីវិល័យ និងថ្លៃថ្នូរ៕