វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៨ ៥ ២០២៥
ភ្នំពេញ ៖ក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូន និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន តាមរយៈការចុះកិច្ចព្រមព្រៀងនាំចូលរថយន្តម៉ាក LYNK & CO មកទីផ្សារកម្ពុជា ដើម្បីជំរុញវិស័យដឹកជញ្ជូន។
ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាតំណាងខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា ដើម្បីនាំចូលនូវរថយន្តទំនើបម៉ាក Lynk & Co មកកាន់ប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកអ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោកអគ្គនាយករង មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនផងដែរ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ។
ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីនាំចូលផ្តាច់មុខនូវរថយន្តទំនើបម៉ាក Lynk & Co. មកកាន់ប្រទេសកម្ពុជាថ្ងៃនេះជាព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះ គឺជាសក្ខីភាពនៃការបើកចំហទីផ្សារកម្ពុជាទៅកាន់ពិភពលោក និងការទាក់ទាញការវិនិយោគពីក្រុមហ៊ុនអន្តរជាតិ ការនាំចូលផ្តាច់មុខនូវរថយន្ត Lynk & Co. នឹងបង្កើតឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនជម្រើសសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។ លើសពីនេះ វាក៏នឹងរួមចំណែកដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដោយសារបច្ចេកវិទ្យាទំនើបរបស់រថយន្តទាំងនេះ ដែលផ្តោតលើប្រសិទ្ធភាពថាមពល និងកាត់បន្ថយការបំភាយឧស្ម័នអោយនៅកម្រិតទាប៕