វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី០៩មេសា ឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង- អភិបាលខេត្តស្ទឹងត្រែងបានផ្តល់សម្ភារៈប្រើប្រាស់ ទៅដល់អាជ្ញាធរឃុំគោលដៅចំនួន៥ដើម្បីជាមធ្យោបាយសម្រាប់សង្គ្រោះបឋមនៅពេលកើតមានគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងពីគ្រោះធម្មជាតិ ជាពិសេសនៅរដូវមានទឹកជំនន់។
ក្នុងពិធីប្រគល់និងទទួលសម្ភារៈឆ្លើយតបហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ (DRR និង CCA) ដល់ឃុំគោលដៅ ធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តមសរសុពុត្រា អភិបាលខេត្ត មានប្រសាសន៍ថា៖ ឃុំទាំង៥ ទទួលបានសម្ភារៈនេះ មាន ឃុំកោះស្នែង ឃុំព្រះរំកិល នៅស្រុកបុរីអូរស្វាយសែនជ័យ- ឃុំតាឡាតនៅស្រុកសេសាន- ឃុំស្រែឬស្សី នៅស្រុកថាឡាបរិវ៉ាត់ -និងឃុំសន្តិភាព នៅក្នុងស្រុកសៀមប៉ាង ដែលជាឃុំប្រឈមនៅរដូវវស្សាពេលមានគ្រោះទឹកជំនន់ទន្លេមេគង្គ។
ឯកឧត្តមមានប្រសាសន៍បន្តថា៖អាជ្ញាធរឃុំនិមួយៗទទួលបានសម្ភារៈនេះ យកទៅត្រូវថែរក្សាទុកដាក់ឱ្យបានត្រឹមត្រូវ និងយកទៅប្រើប្រាស់ឱ្យចំគោលដៅ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយ ក្នុងពេលដែលនាំយកពួកគាត់ទៅរស់នៅលើទីទួលសុវត្ថិភាពជាដើម ។
លោកឈូកឌី មេឃុំស្រែឬស្សី បានទទួលយកការណែនាំនេះ ព្រោះសម្ភារៈទាំងអស់នេះនិងបម្រើឱ្យសេចក្តីត្រូវការចំគោលដៅដែលយើងចង់បាន ដូចជាគោយន្ត ទូក ម៉ាស៊ីន សម្រាប់ដឹកជញ្ជូនសម្ភារៈនិងមនុស្សទៅរកទីទួលសុវត្ថិភាព មេក្រូ អំភ្លីសម្រាប់ប្រកាសផ្សព្វផ្សាយសេចក្តីជូនដំណឹង ស៊ីតែនទឹក សម្រាប់ដាក់ទឹកស្អាតប្រើប្រាស់ និងអាវពោងសម្រាប់ពាក់ជិះទូកឆ្លងទឹកផងដែរ។
លោកបន្តថា៖កាតព្វកិច្ចនេះតំណាងឱ្យអាជ្ញាធរឃុំទាំង៥ និងសហការជាមួយកម្លាំងពាក់ព័ន្ធត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីបម្រើការងារបង្ការសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះ នៃគ្រោះមហន្តរាយ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ឱ្យបានឆ្លើយតបតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត។
សូមបញ្ជាក់ថា៖ឃុំទាំង៥នៅតាមបណ្តាស្រុកដែលទទួលបានសម្ភារៈសង្គ្រោះនេះ ជាឃុំដែលមានប្រជាពលរដ្ឋងាយរងគ្រោះពីគ្រោះមហន្តរាយទឹកជំនន់ជាងគេ ព្រោះតំបន់ដែលបងប្អូនយើងមួយចំនួនរស់នៅ ជាតំបន់វាលទំនាប និងនៅជិតតាមជួរមាត់ទន្លេមេគង្គ សេកុង សេសាន និងស្រែពក ៕
គឹមហឿន ស្ទឹងត្រែង ថ្ងៃទី០៩មេសា២០២៥