សម្ដេចធិបតី បង្ហាញអំពី អត្ថន័យ និងឈ្មោះ "អង្គរសង្ក្រាន្ត"ដើម្បីបង្កើនការយល់ដឹងដល់ពលរដ្ឋ

Chuon Bona | ថ្ងៃទី 13 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី សូមលោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន ឈ្វេងយល់ អំពី អត្ថន័យ និងឈ្មោះ "អង្គរសង្ក្រាន្ត" ។

-យោងតាមសម័យប្រជុំកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ) បានពិនិត្យ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ អត្ថន័យ ពាក្យ «អង្គរសង្ក្រាន្ត» ៖

 

១.តាមវចនានុក្រមសម្ដេចសង្ឍរាជ ជួន ណាត "សង្ក្រាន្ត" ជាពាក្យសំស្ក្រឹត ដែលត្រូវបានពន្យល់ដូចនេះ «សង្ក្រាន្ត (សង់ក្រាន) ន. (សំ. សង្ក្រាន្តិ) ដំណើរឃ្លាតចាកទី , ការឈានចូលដល់ , ដំណើរដែលព្រះអាទិត្យចរចូលដល់ទីជួបជុំរាសិចក្រ គឺដំណើរដើម និងចុងនៃរាសិចក្រជួបគ្នាពេញគ្រប់មួយឆ្នាំ (ដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី) ពិធីចូលឆ្នាំ» ។

២.ពាក្យ "សង្ក្រាន្ត" នេះ មានប្រើនៅសម័យអង្គរ (សិលាចរឹក Ka17) .

៣.តាំងពីយូរណាស់មកហើយ រហូតដល់បច្ចុប្បន្ន ពាក្យនេះត្រូវបានប្រើក្នុងពាក្យសមាស "ត្រស្តិសង្ក្រាន្ត" (ត្រស់-) ដែល «ជាព្រះរាជពិធីនៅក្នុងព្រះរាជរាំង នាខែផល្គុនរៀងរាល់ឆ្នាំ» ។

៤.សមាជិក ក.ជ.ភ.ខ បានលើកឡើងនូវសម្ព័ន្ធ ៤បែប៖

-អង្គរសង្ក្រាន្ត (ស្នើដោយ ស.ស.យ.ក)

-សង្ក្រាន្តអង្គរ (ស្នើដោយសមាជិកម្នាក់នៃ ក.ជ.ភ.ខ)

-សង្ក្រាន្តនៅអង្គរ (ស្នើដោយសមាជិកម្នាក់ទៀតនៃ ក.ជ.ភ.ខ)

-ពិធីសង្ក្រាន្តអង្គរ (ស្នើដោយសមាជិកថ្មីម្នាក់ទៀតនៃ ក.ជ.ភ.ខ)

សំណើខាងលើក ទទួលបាន២២សំឡេង ចំពោះសំណើទី១ , ៥សំឡេង ចំពោះសំណើទី២ , ២សំឡេង ចំពោះសំណើទី៣ និង ១សំឡេង ចំពោះសំណើទី៤ ។

៥.«អង្គរសង្ក្រាន្ត» មិនមែនមានន័យថា ដាច់ខាតត្រូវតែធ្វើពិធីនេះនៅកន្លែងនេះរៀងរាល់ឆ្នាំនោះទេ ។

សម្ដេចធិបតី បង្ហាញអំពី អត្ថន័យ និងឈ្មោះ "អង្គរសង្ក្រាន្ត"ដើម្បីបង្កើនការយល់ដឹងដល់ពលរដ្ឋ