របាំត្រុដិនិយម លើកមកសម្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីបណ្តេញឧបទ្រពចង្រៃ

Narith | ថ្ងៃទី 14 ខែ មេសា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ លោកអេង យូ ថ្ងៃទី ១២  ខែមេសា ឆ្នាំ២០២៥

 

MC. នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឬនៅមុនប្រហែលជាង១០ថ្ងៃ គេសង្កេតឃើញមានការសម្តែងរបាំត្រុដិ នៅតាមក្រសួងស្ថាប័ននានា  តាមទីសាធារណៈ និងរហូតដល់លំនៅឋានប្រជាពលរដ្ឋ ដោយមានជំនឿទៅនឹងការបណ្តេញឧបទ្រព ចង្រៃ ហើយប្រសិទ្ធនូវ សព្ទសាធុការពរជ័យ ជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី។

របាំត្រុដិ ជាកេរិ៍្តមរតកដើម របស់បងប្អូនជនជាតិសំរ៉ែ តាំងពីរាប់ពាន់ឆ្នាំរហូតមកដល់សព្វថ្ងៃនេះ។ ជារៀងរាល់ពេលចូលឆ្នាំ ជនជាតិសំរ៉ែតែងតែយករបាំត្រុដិនេះ ទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅអង្គរ ហើយគឺជារបាំប្រជាប្រិយមួយបែប ដែលគេនិយមលេងពេលចូលឆ្នាំថ្មី ដើម្បីប្រសិទ្ធិពរដល់អ្នកស្រុក។ បានជាមានឈ្មោះថាត្រុដិ ដែលជាពាក្យដើមមកពីភាសាសំស្ក្រឹត ប្រែថា ផ្តាច់ ឬ កាត់ផ្តាច់ គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬ ការកាត់ផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី ដែលយើងឃើញមានសេស សល់ព្រះរាជពិធីមួយហៅថាពិធី ត្រស្តិសង្រ្កាន ឬពិធីបញ្ជាន់ត្រស្តិផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី គង់វង្សរហូតមកដល់សព្វថ្ងៃ។ ម្យ៉ាងទៀតរបាំត្រុដិនេះ ក៏បានផ្សារភ្ជាប់ និងជំនឿបន់ស្រន់សុំទឹកភ្លៀងនៅពេលដែលមានការរាំងស្ងួតផងដែរ។

របាំត្រុដិ គេនិយមលេងជារៀងរាល់រដូវប្រាំងក្រោយពីការងារប្រមូលផលស្រូវរួចរាល់ និយាយរួមសម្រាប់តែពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតាមទីប្រជុំជន ទីវត្តអារាម ស្ថាប័នសាធារណៈមួយចំនួន ជាពិសេសនៅក្នុងខេត្តសៀមរាប និងបណ្តាខេត្តមួយចំនួនទៀតដែលនៅក្បែៗនោះ។

លោកអ៊ំ ម៉ក់ ប៊ុនធាន មានអាយុជាង៦០ឆ្នាំ ជាព្រឹទ្ធាចារ្យមួយរូប ធ្លាប់បានហាត់រៀនរបាំត្រុដិតាំងពីសម័យមុនមក  បច្ចុប្បន្នលោកអ៊ំបានដឹកនាំក្រុមសិល្បករចំនួនជាង១០នាក់ជាកូនចៅជំនាន់ក្រោយ ដើរសម្តែងរបាំត្រុដិនៅតាមទីតាំងសាធារណៈ និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ នៅរៀងរាល់ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានឱ្យដឹងថា៖ ត្រុដិជារបាំប្រពៃណីមួយបែប បន្សល់ទុកពីបុរាណកាលមក។ តាមជំនឿការលើកយករបាំត្រុដិមកសម្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គឺដើម្បីបណ្តេញគ្រោះកាចចង្រៃនាឆ្នាំចាស់ និងនាំមកនូវសេចក្តីសុខសម្រាប់ក្រុមគ្រួសារនីមួយៗក្នុងឆ្នាំថ្មី។ លោកអ៊ំថា៖ ការដើរសម្តែងរបាំនេះ នៅតាមទីសាធារណៈឬដល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក៏មិនមានតម្រូវថវិកាឡើយ គឺអាស្រ័យការស្ម័គ្រចិត្ត និងតាមសទ្ធាជ្រះថ្លារបស់ម្ចាស់ផ្ទះតែប៉ុណ្ណោះ។ លោកអ៊ំថា៖ បើទោះបីបច្ចុប្បន្នជាសម័យបច្ចេកវិទ្យាជឿនលឿន ប៉ុន្តែប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅខេត្តសៀមរាប នៅតែមានជំនឿ និងនិយមលេងរបាំត្រុដិនេះ ក្នុងឱកាសចូលឆ្នាំខ្មែរ។

 ជួយបណ្តេញរឿងសត្រូវ ឧបទ្រពចង្រៃ ក្នុងផ្ទះសំបែង យើងរលាស់ទឹកឱ្យម្ចាស់ផ្ទះ ខ្លះអត់ទេ ខ្លះលេងបានតែលុយក៏ទៅបាត់អស់ទៅ តែវង់ខ្ញុំអត់ទេទៅលេងក៏គ្រវាសទឹកឱ្យ សុំសិរីសួស្តីជូនម្ចាស់ផ្ទះ ដើម្បីឱ្យគាត់ចូលឆ្នាំថ្មី សុំឱ្យទេវតាជួយថែរក្សាម្ចាស់ផ្ទះ។ 

សិល្បករ-សិល្បការិនី ដែលសម្តែងក្នុងរបាំត្រុដិនេះ គឺបានដើរដង្ហែជាក្បួនទៅមុខ ដោយមានអ្នកកាន់ដងចន្ទោលឬដងដោយរាងនង្គ័លចងរំយោលក្រណាត់ពណ៌លម្អ និងមានសិល្បករម្នាក់ជាអ្នករាំនាំផ្លូវផង។ តាមការសម្តែងនោះ គឺមើលទៅហាក់ដូចជាអ្នករាំឬអ្នកហែទាំងនោះ កំពុងតែជិះលើរទេះមួយដូច្នេះដែរ។ ចំណែកនៅខាងចុងនៃដងចន្ទោលនោះ មានចងកូនថង់មួយ សម្រាប់ជាការរៃអង្គាសប្រាក់ ហើយអ្នកផ្ទះឬអ្នកស្រុកអ្នកភូមិ ដែលមកឈរមើលការរាំរបាំត្រុដិនៅពេលដែលមានសទ្ធាជ្រះថ្លា ពួកគេនឹងដាក់ប្រាក់ក្នុងថង់នោះ ព្រោះដោយមានជំនឿថា បុណ្យកុសលដែលបានដាក់ទាននាពេលនោះ នឹងបានចម្លងគ្រោះកាចចង្រៃនៃឆ្នាំចាស់ចោលអស់ទៅ ហើយនឹងនាំចូលមកវិញនា ឆ្នាំថ្មីនូវសិរីសួស្តីជ័យមង្គលវិបុលសុខ ដ៏បវរមហាប្រសើរ មានលាភសក្ការៈកើនសំណាង នឹងសុភមង្គលកើតមានក្នុងក្រុមគ្រួសារឬភូមិស្រុករបស់ពួកគាត់គ្រប់ៗគ្នា។

ត្បិតអីក្បួនខ្នាតនៃការសម្តែងឬការប្រគំភ្លេងបច្ចុប្បន្ន ហាក់មានការប្រែប្រួលខ្លះៗ កាលពីជំនាន់មុន ដោយសារក្មេងៗមិនសូវប៉ិនប្រសប់ក្នុងការប្រគំចង្វាក់ភ្លេងនោះ ធ្វើឱ្យការសម្តែងមានភាពខុសៗគ្នា។ ប៉ុន្តែទោះយ៉ាងណាលោកអ៊ំម៉ក់ ប៊ុនធាន ក៏សប្បាយរីករាយ ដែលជាផ្នែកមួយ ក្នុងការចូលរួមចំណែក ថែរក្សាមរតកវប្បធម៌អរូបិរបស់ជាតិមិនឱ្យបាត់បង់។ 

 

តាមទំនៀមទម្លាប់ដែលខ្ញុំធ្លាប់លេងពីដើម ពីដើមមិញមិនដូចក្មេងៗយើងសព្វថ្ងៃនេះទេ ពីដើមបើលេងត្រុដិគឺត្រុដិចំតែម្តង មានមុខ មានប្រីស មានអីអ៊ីចឹងទៅណា មានព្រានមានអីបាញ់ធ្នូ តែសព្វថ្ងៃក្មេងវាអត់ចេះវ៉ៃចង្វាក់ត្រុដិនោះទេ ចង្វាក់នេះគឺចង្វាក់ព្រឺន បើនិយាយទៅអនុប្រធាន ហើយត្រុដិជាប្រធានទៅហើយ។

តាមរយៈឯកសាររបស់អ្នកស្រាវជ្រាវទាំងខ្មែរ និងអ្នកស្រាវជ្រាវជនជាតិបារាំង បានឱ្យយើងដឹងថា៖ របាំត្រុដិជាកេរ្ដិមរតកដើម របស់បងប្អូនជនជាតិសំរ៉ែតាំងពីរាប់ពាន់ឆ្នាំរហូតមកដល់សព្វថ្ងៃ ឯកសារក៏បានបញ្ជាក់ផងដែរថា នៅក្នុងសម័យមហានគរដ៏រុងរឿង បងប្អូនជនជាតិសំរ៉ែ តែងតែនាំយករបាំត្រុដិរបស់ខ្លួន មករាំថ្វាយព្រះរាជានៅរាជធានីអង្គរ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជារៀងរាល់ឆ្នាំ ដើម្បីថ្វាយព្រះពរសិរីសួស្តីជ័យមង្គលដល់ព្រះមហាក្រត្ស និងប្រជាជននៅក្នុងព្រះនគរ ។ ហើយរបាំត្រុដិ ត្រូវបានតម្លើង និងសិក្សាស្រាវជ្រាវបង្កើតជារបាំសិល្បៈល្ខោនជាតិ នៅចន្លោះឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៦០។

លោកស្រី អន សុភារីកា អនុប្រធានការិយាល័យសិល្បៈ ទស្សនីយភាព នៃមន្ទីរវប្បធម៍និងវិចិត្រសិល្បៈខេត្តសៀមរាបបានបញ្ជាក់ថា៖ របាំត្រុដិមានសារៈសំខាន់ណាស់ ការសម្តែងរបាំនេះ គឺគេសម្តែងតែពេលពិធីចូលឆ្នាំថ្មី គឺរាំកាត់ផ្តាច់ឆ្នាំចាស់ ឬកំចាត់ឧបទ្រពចង្រៃនៃឆ្នាំចាស់ ផ្លាស់មកឆ្នាំថ្មីប្រកបដោយសិរីសួស្តី។ តាមការស្រាវជ្រាវរបស់លោកគ្រូសាស្រ្តាចារ្យ ពេជ្រ ទំក្រវិល និងលោកគ្រូសាស្រ្តាចារ ហង្ស សុទ្ធ បានស្រាវជ្រាវថា ដើមកំណើតមកពីខេត្តបាត់ដំបង និងខេត្តសៀមរាបយើងនេះផ្ទាល់តែម្តង។ ដោយរបាំត្រុដិ មាន២ប្រភេទ គឺរបាំត្រុដិធម្មតា និងរបាំត្រុដិនាងម៉េវ។

របាំត្រុដិមានពីរប្រភេទ ទីមួយគឺរបាំត្រុដិធម្មតា និងទីពីរគឺរបាំនាងម៉េវ ខ្ញុំសូមបញ្ជាក់ថារបាំត្រុដិ និងរបាំត្រុដិនាងម៉េវវាមិនខុសគ្នាប៉ុន្មានទេ អ្នករាំអ្នកអីដូចគ្នា ខុសគ្នាត្រង់ថារបាំត្រុដិនាងម៉េវមានលែងឆ្មា។ ហើយខុសគ្នាត្រង់ថា របាំត្រុដិធម្មតា គាត់លេងសម្រាប់បុណ្យចូលឆ្នាំថ្មី សុំជូនពរសិរីសួស្តីឆ្នាំថ្មី ចំណែកត្រុដិនាងម៉េវ សុំទឹកភ្លៀង។ ឥឡូវខ្ញុំសុំរៀបរាប់ពីរបាំត្រុដធម្មតាសិន គឺមានតួអង្គអ្នកកាន់ដងដោល អ្នកចម្រៀង តួអង្គព្រានព្រៃ មានតួអង្គព្រាយ តួអង្គយក្ស តួអង្គក្ងោក តួអង្គទន្សោង និងតួអង្គប្រើស។ ចំណែករបាំត្រុដនាងម៉េវ មានតួអង្គកាន់ដងដោលដូចគ្នា អ្នកចម្រៀងដូចគ្នា មានអ្នកកញ្ចែដូចគ្នា មានព្រាយដូចគ្នា តែខុសត្រង់ថារបាំត្រុដនាងម៉េវមានកាន់កញ្ចើ និងឈ្នាង ហើយមានព្រានព្រៃ២នាក់ ដែលគេហៅថាងោះហ្នឹងសែងឆ្មា ខុសគ្នាត្រង់ហ្នឹង។

លោកស្រី អន សុភារីកា បានបញ្ជាក់ទៀតថា៖ មរតកវប្បធម៌អរូបិដូចជារបាំត្រុដិនេះ ត្រូវបន្តថែរក្សា ការពារមកដល់សព្វថ្ងៃ ជាពិសេសក្នុងខេត្តសៀមរាប ដោយប្រជាពលរដ្ឋនៅតែមានជំនឿពីការសម្តែងរបាំនេះយ៉ាងមុតមាំ។ មួយវិញទៀត ដើម្បីផ្សព្វផ្សាយកេរដំណែលដូនតាខ្មែរបន្តទៅកាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយឱ្យបានស្គាល់ច្បាស់ អំពីអត្ថន័យរបាំត្រុដិនេះ ជារៀងរាល់ឆ្នាំ ក្រុមការងារ តែងសម្តែងរបាំត្រុដិនេះ នៅតាមទីតាំងសាធារណៈសំខាន់ៗមួយចំនួន ដោយសហការជាមួយក្រុមសិល្បៈករ មកពីសមាគមសិល្បៈមហាជននានា សម្តែងជូនមហាជនទស្សនា។

 ដើម្បីបន្តថែរក្សាមរតកដូនតា មន្ទីរវប្បធម៍និងវិចិត្រសិល្បៈខេត្តសៀមរាប កន្លងមក តែងខិតខំប្រឹងប្រែង លើកស្ទួយ ចែករំលែក ជាពិសេសចុះពង្រឹងការហាត់សម របស់ក្រុមសិល្បករ នៅតាមសមាគមសិល្បៈមហាជន ទូទាំងខេត្តជាប្រចាំ។ សិល្បករនៅក្នុងខេត្តសៀមរាប មានច្រើនក្រុមណាស់ តែសំខាន់អ្នកដែលគាត់ចង់ចេះរបាំត្រុដិហ្នឹង ភាគច្រើនគឺគាត់មកសិក្សាជាមួយមន្ទីរវប្បធម៌យើង ហើយយើងក៏ចុះជួយពង្រឹងពួកគាត់នៅតាមក្រុមដែរ ដើម្បីឱ្យមានក្បាច់មូលដ្ឋានច្បាស់លាស់។ 

មានរឿងរ៉ាវដែលជាប់ទាក់ទង់និងដើមកំណើតនៃរបាំត្រុដិបង្ហាញថា៖ យោងតាមឯកសារស្រាវជ្រាវមួយចំនួន ដែលមានមតិយល់ឃើញជាច្រើនខុសៗគ្នា មតិមួយនិយាយទាក់ទងទៅនឹងរឿងព្រេងនិទាន ព្រានប្រមាញ់ម្នាក់ ឈ្មោះព្រានប៊ុន និងប្រពន្ធឈ្មោះនាងឧមា នៅស្រុកសាវថី។ មតិខ្លះទៀតយល់ថា របាំត្រុដិមានចំណងទាក់ទងទៅនិងព្រះពុទ្ធសាសនាទៅវិញ។ ចំណែកមតិខ្លះទៀតយល់ថា របាំត្រុដិនេះទាក់ទងទៅនិងជំនឿរបស់ខ្មែរ ដែលយល់ថា៖ កាលណាមានសត្វព្រៃចូលស្រុក គឺជាប្រផ្នូលអាក្រក់ គឺនាំឱ្យមានឧបទ្រពចង្រៃ ដូច្នេះគេបង្កើតរបាំត្រុដិ ដែលមានរូបភាពសត្វព្រៃគ្រប់ប្រភេទ ដើម្បីមានឱកាសប្រោះព្រំទឹកអប់ លាបប្រេងម្សៅឱ្យសត្វទាំងនោះ ជានិម្មិតបង្ការទុកជាមុន ដែលគេជឿថា បើក្រោយទៅមានសត្វព្រៃចូលស្រុក មែននោះក៏មិនអាច បណ្តាលឱ្យមានចង្រៃអ្វីឡើយ ពីព្រោះគ្រោះកាចចង្រៃ ត្រូវបានរំងាប់ជាមុនរួចស្រេចទៅហើយ។ បច្ចុប្បន្ននេះ របាំត្រុដិនៅតែពេញនិយមលើកយកមកសម្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីបណ្តេញឧបទ្រពចង្រៃ ទាំងនេះបានបង្ហាញយ៉ាងច្បាស់លាស់ថា៖ មរតកវប្បធម៌អរូបី នៅតែត្រូវបានបន្តថែរក្សាមិនឱ្យបាត់បង់៕

របាំត្រុដិនិយម លើកមកសម្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីបណ្តេញឧបទ្រពចង្រៃ
របាំត្រុដិនិយម លើកមកសម្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីបណ្តេញឧបទ្រពចង្រៃ
របាំត្រុដិនិយម លើកមកសម្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីបណ្តេញឧបទ្រពចង្រៃ
របាំត្រុដិនិយម លើកមកសម្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីបណ្តេញឧបទ្រពចង្រៃ
របាំត្រុដិនិយម លើកមកសម្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីបណ្តេញឧបទ្រពចង្រៃ
របាំត្រុដិនិយម លើកមកសម្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីបណ្តេញឧបទ្រពចង្រៃ
របាំត្រុដិនិយម លើកមកសម្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីបណ្តេញឧបទ្រពចង្រៃ
របាំត្រុដិនិយម លើកមកសម្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីបណ្តេញឧបទ្រពចង្រៃ
របាំត្រុដិនិយម លើកមកសម្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីបណ្តេញឧបទ្រពចង្រៃ
របាំត្រុដិនិយម លើកមកសម្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីបណ្តេញឧបទ្រពចង្រៃ
របាំត្រុដិនិយម លើកមកសម្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីបណ្តេញឧបទ្រពចង្រៃ
របាំត្រុដិនិយម លើកមកសម្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីដើម្បីបណ្តេញឧបទ្រពចង្រៃ