សម្ដេចធិបតីហ៊ុន ម៉ាណែត បង្ហាញមោទនភាពនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
បានទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តយ៉ាងច្រើនកុះករ
វិទ្យុជាតិកម្ពុជា៖
សៀមរាប៖សម្ដេចមហាបបរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៤ខែមេសា ឆ្នាំ ២០២៥ ត្រូវនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ស្ថិតនៅបរិវេណមុខប្រាសាទអង្គរវត្តខេត្តសៀមរាប។
ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥នេះ បាននាំមកនូវទស្សនីយភាពដ៏អស្ចារ្យ និងសប្បាយរីករាយលើសពីឆ្នាំមុនៗ ជូនប្រជាពលរដ្ឋក្នុងខេត្ត ព្រមទាំងទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងមកកម្សាន្តសប្បាយ ។
ឆ្នាំ២០២៥នេះ ជាឆ្នាំទី១២ហើយ ដែលព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានរៀបចំឡើង ក្នុងគោលបំណង ជួបជុំយុវជន និងមហាជន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរ។ បន្ថែមពីនេះ អង្គរសង្រ្កាន្ត ក៏មានគោលបំណង រម្លឹក និងធ្វើឱ្យរស់រវើកឡើងវិញនៃ“មរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបី” ដែលធ្វើឱ្យ“អង្គរមានជីវិត” ជាពិសេសនោះ គឺផ្តល់ឱកាសឱ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់ និងទទួលបានបទពិសោធ បន្ថែមអំពី ភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជា ផ្តល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម សិប្បកម្ម និងសេវាកម្ម នានា ទទួលបានប្រយោជន៍ធុរកិច្ច ពីកំណើនទេសចរណ៍។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានបង្កើតឡើងនៅឆ្នាំ២០១៣ គឺជាគំនិតផ្ដួចផ្ដើមឡើងរបស់លោកជំទាវ ហ៊ុន ម៉ាណា ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. គឺជាអ្នករៀបចំនិងប្រតិបត្ដិជាផ្លូវការ។ បើទោះបីព្រឹត្តិការណ៍សង្រ្កាន្ត ត្រូវបានរៀបចំនៅទូទាំងប្រទេស ប៉ុន្តែការរៀបចំអង្គរសង្រ្កាន្ត គឺជាជម្រើសមួយទៀត សម្រាប់ពលរដ្ឋដែលចង់ចូលមកលេងកម្សាន្តជាក្ខណៈមហាគ្រួសារខ្មែរ មិនមែនរៀបចំឡើង ដើម្បីប្រកួតប្រជែងឬដណ្តើមចំនួនទេសចរនោះឡើយ៕