វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៧ មេសា ២០២៥
អន្តរជាតិ៖ កូរ៉េខាងជើងបានរិះគន់សហរដ្ឋអាម៉េរិក សម្រាប់ការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B នៅក្នុងការធ្វើសមយុទ្ធយោធារួមគ្នាមួយកាលពីពេលថ្មីៗនេះជាមួយកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិកូរ៉េខាងជើងបាននិយាយថា ការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់ គឺជាសកម្មភាពបង្ករឿង។ យន្ដហោះទម្លាក់គ្រាប់បែក B-1B ត្រូវបានដាក់ពង្រាយអំឡុងការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃអង្គាររួមជាមួយយន្ដហោះចម្បាំងជាច្រើនគ្រឿងទៀត។ "សកម្មភាពយោធាថ្មីៗនេះរវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង គឺជាការគំរាមកំហែងដោយបើកចំហដល់សន្តិសុខជាតិរបស់យើង"។ គួរបញ្ជាក់ថា យន្ដហោះ B-1B តែងតែចូលរួមក្នុងការធ្វើសមយុទ្ធយោធារួមគ្នារវាងអាម៉េរិក និងកូរ៉េខាងត្បូង នាប៉ុន្មានឆ្នាំចុងក្រោយនេះដែលកូរ៉េខាងជើងចាត់ទុកថាជាសកម្មភាពត្រៀមលក្ខណៈឈ្លានពានប្រឆាំងនឹងខ្លួន ខណៈទីក្រុងសេអ៊ូលអះអាងថាសមយុទ្ធរបស់ខ្លួនជាមួយនឹងសហរដ្ឋអាម៉េរិកគឺជាការការពារខ្លួន៕