វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២១ មេសា ២០២៥
អន្តរជាតិ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសថៃ ដែលជាដំណើរទស្សនកិច្ចលើកទី២ របស់លោកទៅកាន់ប្រទេសនេះ ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ជួបជាមួយសមភាគីថៃលោកស្រី Paetongtarn Shinawatra លោកនាយករដ្ឋមន្ត្រី អាន់វ៉ា បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ីក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព រួមបញ្ចូល និងផ្តោតលើប្រជាជននៅក្នុងតំបន់។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ជាពិសេសប្រទេសថៃ។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីថៃបានអះអាងពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយម៉ាឡេស៊ី ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងវិស័យកៅស៊ូនៅតំបន់ព្រំដែន ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ គួរបញ្ជាក់ថា បើយោងតាមក្រសួងការបរទេសម៉ាឡេស៊ី ប្រទេសថៃជាដៃគូពាណិជ្ជកម្មធំបំផុតទីប្រាំពីររបស់ម៉ាឡេស៊ីនៅទូទាំងពិភពលោក និងទីបីក្នុងអាស៊ានកាលពីឆ្នាំមុន ជាមួយនឹងទំហំពាណិជ្ជកម្មសរុប ២៥ ពាន់លានដុល្លារ៕