វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី២៧ ០៤ ២០២៥
ខេត្តស្ទឹងត្រែង.នៅចុងខែមេសានេះខ្យល់ព្យុះកន្ត្រាក់បានវាយបក់បោកទៅលើស្រុកសៀមប៉ាងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយផ្ទះសម្បែង រងការខូចខាតធ្ងន់១២ខ្នងផ្ទះ តែមិនបង្កឱ្យប្រជាពលរដ្ឋ របួសស្នាមនោះទេ ។
ឧបទ្ទវហេតុ គ្រោះមហន្តរាយខ្យល់ព្យុះកន្ត្រាក់នេះ បានកើតឡើងនៅយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ លោកសំប៊ុនធិន អភិបាលរងស្រុក បានបញ្ជាក់ថាៈនេះជាករណីខ្យល់កន្រ្តាក់ បានប៉ះពាល់មកដល់ប្រជាពលរដ្ឋយើងរស់នៅក្នុងឃុំចំនួន៣ នៃស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។
លោកបន្តថា៖ក្នុងនោះមាន ប្រជាពលរដ្ឋ នៅភូមិពងក្រៀលក្នុងឃុំព្រែកមាស ១គ្រួសាររងផលប៉ះពាល់បាក់បែកផ្ទះ១ខ្នង នៅឃុំ ស្រែសំបូរ ប្រជាពលរដ្ឋចំនួន៩គ្រួសារ ប៉ះពាល់ផ្ទះចំនួន៩ខ្នង ខូចខាតធ្ងន់ធ្ងរ និង៨គ្រួសារ៨ខ្នងផ្ទះទៀតរងផលប៉ះពាល់បង្គួរ ជាមួយគ្នានេះនៅ.ឃុំ ថ្មកែវ ប៉ះពាល់ ២គ្រួសារ ស្មើនឹង ២ខ្នងផ្ទះ សរុបទាំង៣ឃុំមានចំនួន ១២ខ្នងផ្ទះខូចខាតធ្ងន់ ស្មើ១២គ្រួសារ។
លោកស្រីខាំហៀនឃ្លី រស់នៅភូមិកញ្ចាញគោក ឃុំស្រែសំបូរបានបញ្ចាក់ថា៖ព្យុះកំណាចនេះបានបក់បោកមកនៅវេលាម៉ោង៨យប់ថ្ងៃទៅ២៦ មេសា ហើយបានស្ងប់ស្ងាត់ទៅវិញប្រហែលជាម៉ោង១០យប់ ដែលបង្កឱ្យប្រជាពលរដ្ឋភ័យខ្លាច ខ្លះនាំកូននាំចៅចុះចេញពីផ្ទះទៅរកកន្លែងសុវត្ថិភាព ដោយសារតែអំណាចកម្លាំងខ្យល់បក់បោកខ្លាំងពេកហើយដែកស័ង្កសីដំបូលផ្ទះមយយចំនួនត្រូវប៉ើងតាមខ្យល់តែម្តង ។
លោកស៊ឹមម៉ាន់ មេឃុំស្រែសំបូរបានបញ្ចាក់ថា៖គ្រោះមហន្តរាយនេះ អាជ្ញាធរបានចុះស្រង់ឈ្មោះបងប្អូនរងផលប៉ះពាល់ និងខូចខាតផ្ទះសម្បែង ធ្វើរបាយការណ៍ជាលាយលាក់អក្សរ បញ្ជូនទៅគណៈកម្មការគ្រោះមហន្តរាយថ្នាក់ស្រុករួចហើយ ដើម្បីជ្រាបជាព័ត៌មាន និងជួយដោះស្រាយបញ្ហាទៅតាមការគួរ។
សូមបញ្ចាក់ថា៖នេះជាលើកទីមួយហើយនៅស្រុកសៀមប៉ាងឆ្នាំ២០២៥នេះ ជួបប្រទះគ្រោះមហន្តរាយធម្មជាតិខ្យល់ព្យុះកន្ត្រាក់ បង្កផលប៉ះពាល់ទៅលើឃុំចំនួន៥ស្មើនិង៥ភូមិ ក្នុងនោះមានឃុំស្រែសំបូរ ឃុំថ្មកែវ ឃុំព្រែកមាស ឃុំសន្តិភាព និងឃុំសេកុង និងមានប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ១២គ្រួសារ រួមនិងបាក់បែកផ្ទះសម្បែងផងដែរ៕
គឹមហឿនស្ទឹងត្រែង ថ្ងៃទី២៧មេសាឆ្នាំ២០២៥