ដោយ លោក ភឹ សុខ មន្ទីរព័ត៌មានខេត្តបាត់ដំបង
បាត់ដំបង ៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម រស់ សីលវ៉ា និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានមានប្រសាសន៍ថា ទោះបីស្ថានភាពនៃការងើបឡើងសេដ្ឋកិច្ចក្នុងស្រុកស្ថិតក្នុងចលនាវិជ្ជមានតែលំបាក ខណៈដែលបរិបទសកលលោកនៅតែបន្តមានភាពមិនប្រាកដប្រជា ដូចជា ផលវិបាកពីសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន សង្គ្រាមរវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល ការដាក់ចេញនូវគោលនយោបាយពន្ធថ្មីរបស់សហរដ្ឋអាម៉េរិក និងបញ្ហាភូមិសាស្ត្រនយោបាយយ៉ាងណាក៏ដោយ ក៏ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានភាពធនដោយរក្សាបាននូវកំណើនជាមធ្យមជាង២០% ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយដោយបុព្វលាភធានារ៉ាប់រងដុល កើនដល់ ប្រមាណ៣៥៧លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤។
ឯកឧត្តមថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី “វេទិកាធានារ៉ាប់រងកម្ពុជា ២០២៥” កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅសួនច្បារសម្តេចក្រទ្បាហោម ស ខេង ខេត្តបាត់ដំបងដែលនិយ័តករធានារ៉ាប់រងកម្ពុជា បានសហការរៀបចំ សំដៅលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយសេវ៉ាធានារ៉ាប់រងជូនសាធារណជន។
ឯកឧត្តមបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះយើងសង្កេតឃើញថា សេវាធានារ៉ាប់រងដែលពេលមុនមិនមានការទទួលស្គាល់ និងប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឥឡូវនេះប្រជាពលរដ្ឋបានចាប់ផ្តើមជ្រួតជ្រាប និងយល់ដឹងជាបណ្តើរៗ អំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងដែលផ្តល់នូវការការពារបន្ទុកហិរញ្ញវត្ថុនៅពេលមានហានិភ័យកើតឡើងដល់សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។
យ៉ាងណាក៏ដោយឯកឧត្ដមអះអាងថា លទ្ធផលទាំងនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវភាព រឹងមាំ និងភាពធន់នៃសេដ្ឋកិច្ចដែលបង្កឱ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការទិញសេវាធានារ៉ាប់រង (Affordability) និងម៉្យាងទៀត កើតចេញពីការពុះពារជម្នះឧបសគ្គរបស់និយ័តករធានារ៉ាប់រងកម្ពុជានិងប្រតិបត្តិករធានារ៉ាប់រងទាំងអស់ក្នុងការជំរុញការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយនៅតាមបណ្តាខេត្តក្រុងនានាទូទាំងប្រទេស ក៏ដូចជាឆន្ទះខ្ពស់របស់ក្រុមហ៊ុនធានារ៉ាប់រងក្នុងការបង្កើត និងពង្រីកនូវផលិតផលធានារ៉ាប់រងថ្មីតាមតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់ និងតាមទាន់ការវិវត្តនៃទីផ្សារធានារ៉ាប់រងក្នុងតំបន់ និងក្នុងសកលលោក។
ឯកឧត្ដមរដ្ឋលេខាធិការបានលើកទ្បើងទៀតថា ទោះជាទីផ្សារធានារ៉ាប់រងកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ ប្រសិនបើធៀបនឹងទំហំសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ គឺមានអត្រាភាគទានតែ១,១៣% ជាមួយនឹងដង់ស៊ីតេធានារ៉ាប់រងសម្រាប់មនុស្សម្នាក់ បានតែប្រមាណជាង២០ដុល្លារអាម៉េរិក ប៉ុណ្ណោះក្នុងឆ្នាំ២០២៤។ លើសពីនេះ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់ និងសកលលោក ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានទំហំតូច ដែលបង្ហាញនូវសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍនាពេលខាងមុខ ក៏ដូចជារំលេចនូវចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួនដែលខ្ញុំស្នើឱ្យនិយ័តករធានារ៉ាប់រងកម្ពុជា គ្រឹះស្ថានធានារ៉ាប់រង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជំរុញការអនុវត្តឱ្យបានសកម្ម និងដោះស្រាយឱ្យបានឆាប់។
បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុខាងលើបានបញ្ជាក់ថាបច្ចុប្បន្ននេះប្រទេសកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន៤០ និងបានផ្តល់កិច្ចសន្យាធានារ៉ាប់រង និងការទិញធានារ៉ាប់រង នៅឆ្នាំ២០២៤ ជាង ១៧០០០០០បណ្ណ(ជាងមួយលានប្រាំពីរសែន)ជូនដល់អតិថិជន ៕