វិទ្យុជាតិកម្ពុជា៖ លោក វណ្ណៈមន្ទីរព័ត៌មានខេត្តស្វាយរៀង
ភ្នំពេញ៖ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងបានណែនាំដល់ក្រុមហ៊ុនសាងសង់ផ្លូវត្រូវអនុវត្តន៍តាមបច្ចេកទេស ហើយធ្វើយ៉ាងណាឱ្យដំណើរការសាងសង់ផ្លូវនេះដំណើរការទៅបានរលូនតាមការគ្រោងទុក។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់បេតុងអាមេមួយខ្សែប្រវែង៨២៦ម៉ែត្រ កាលពីថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២៥ ឯកឧត្តម ឡុង សេង បានប្រាប់ដល់ក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវនេះបានត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ទាំងការលាយស៊ីម៉ងត៍ ថ្ម សាច់និងចងដែកនិងមានកម្រាស់មួយតឹកកន្លះរួមនឹងសោភ័ណភាពផ្លូវ។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវមួយខ្សែនេះដែរ គឺត្រូវមានការអធ្យាស្រ័យយោគយល់គ្នាទៅវិញទៅមក ពេលឆ្លងកាត់ផ្លូវបេតុងនេះធ្វើយ៉ាងណាឱ្យការធ្វើផ្លូវ១ខ្សែនេះប្រកបដោយភាពរលូននិងឆាប់បានប្រើប្រាស់ទាំងអស់គ្នា ពីព្រោះផ្លូវមួយខ្សែនេះជាផ្លូវរួម ជារបស់សាធារណៈទាំងអស់គ្នា និងចូលរួមថែរក្សាទាំងអស់គ្នាក្នុងគោលបំណងដើម្បីផ្លូវរបស់យើងប្រើប្រាស់បានជាប់យូរអង្វែង។
តាមគម្រោងសាងសង់នេះគឺចែកចេញជាពីរផ្នែក ផ្នែកទី១ ផ្លូវបេតុងអារម៉េមួយខ្សែប្រវែង ៨២៦ ម៉ែត្រទទឹង ៥ ម៉ែត្រនិងផ្នែកទី ២ គឺធ្វើលូរំដោះទឹកស្អុយប្រវែង ២៥៤ ម៉ែត្រដែលត្រូវចំណាយអស់ថវិកាប្រមាណជាង ២៣៤ លានរៀល ដោយប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ ២០២៥។
ឆ្លៀតនៅក្នុងឱកាសនោះឯកឧត្តមឡុងសេង ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើងសូមអញ្ជើញទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ចំពោះពលរដ្ឋដែលទើបគ្រប់អាយុបោះឆ្នោតចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២៥នេះ។
ជាមួយគ្នានេះឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋយើងត្រូវមានការអប់រំកូនចៅឱ្យគោរពច្បាប់ចរាចរណ៍និងចៀសឱ្យផុតពីគ្រឿងញៀនដើម្បីឱ្យភូមិសង្កាត់របស់យើងមានសុវត្ថិភាពល្អ៕