លោកអ្នកនាង និងប្រិយមិត្តជាទីមេត្រី!
មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ ត្រូវបានប្រកាសបើកជាផ្លូវការហើយកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០២៥ ក្រោមប្រធានបទ «កុមារ អនាគតយើង ការទទួលខុសត្រូវយើង»។បទចម្រៀងថ្មីៗបង្កប់ដោយអត្ថន័យខ្លឹមសារអប់រំជាច្រើនបទរបស់ប្អូនៗកុមារា-កុមារីតាមរយៈការចូលរួមតាក់តែងនិពន្ធរបស់ លោកគ្រូ-អ្នកគ្រូ មាតា-បិតាសិស្ស ត្រូវបន្លឺចេញពីសំឡេងរបស់ប្អូនៗកុមារប្រកបដោយជំនឿចិត្តលើទេពកោសល្យ ភាពប៉ិនប្រសព្វ ទាំងកាយវិការរស់រវើក និងទឹកដមសំឡេងរបស់ខ្លួននៅលើឆាកកម្មវិធីមហោស្រពតន្រ្តី និងចម្រៀងកុមារនេះ។
ក្រោមការផ្តួចផ្តើមឡើងវិញពី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានដោយបានកៀរគរ អ្នកនិពន្ធបទភ្លេង និងចម្រៀងល្បីៗប្រចាំក្រសួងព័ត៌មាន ញ៉ាំងឲ្យមហោស្របតន្តី្រ និងចម្រៀងកុមារកាន់តែប្រសើរឡើងដើម្បី ជួយជំរុញឱ្យប្អូនៗកុមារា-កុមារី មានភាពក្លាហានក្នុងការទទួលយកការអប់រំតាមរយៈ សិល្បៈ ចម្រៀងដើម្បីបណ្តុះផ្នត់គំនិតកុមារឱ្យមានភាពជឿជាក់តាមរយៈសិទ្ធិរស់រាន សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបានការការពារ និងសិទ្ធិនៅក្នុងការចូលរួម ជាពិសេស ដើម្បីចូលរួមអបអរសាទរខួបលើកទី៧៦ នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥។
ក្នុងកម្មវិធីបើកមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ២០២៥លោកជំទាវ នង ធួក អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ
ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការរៀបចំមហោស្រពតន្ត្រីនិងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន លើកទី១០ ឆ្នាំ២០២៥ គឺក្នុងគោលបំណងអប់រំបណ្តុះគំនិត និងសីលធម៌សម្រាប់កុមារកម្ពុជា ជាពិសេសដើម្បីលើកកម្ពស់សិទ្ធិរបស់កុមារ និងផ្តល់នូវឱកាសដល់កុមារបានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យដែលខ្លួនមាន។
សំឡេង ៖ « ការផ្ដួចផ្ដើមគំនិតរៀបចំមហោរស្រពតន្ត្រីនិងចម្រៀងកុមារនេះឡើង គឺដើម្បីផ្តល់នូវឱកាសដល់ ក្មួយៗ ចៅៗកុមារបានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួនតាមរយៈវិស័យសិល្បៈតន្ត្រី និងចម្រៀង ព្រមទាំងផ្តល់ការកម្សាន្តផងដែរ។ ជាងនេះទៅទៀតមហោរស្រពតន្ត្រីនិងចម្រៀងកុមារប្រារព្ធធ្វើ ឡើងដើម្បីចូលរួមអបអរសារទរខួបលើកទី៧៦នៃទិវាអន្តរជាតិកុមារ១មិថុនា ខួបលើកទី២៤នៃទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥»។
លោកជំទាវអនុរដ្ឋលេខាធិការ បានមានប្រសាសន៍បន្ដថា «កុមារ៖ អនាគតយើង ការទទួលខុសត្រូវយើង» ជាសារមួយបញ្ជាក់ថា ភាពជឿជាក់និងសេចក្ដីក្លាហានរបស់កុមារយើងនៅថ្ងៃនេះ គឺជាការខិតខំប្រឹងប្រែងផ្ទាល់របស់កុមារ និងការជំរុញបន្ថែមពីមាតាបិតា អាណាព្យាបាល លោកគ្រូអ្នកគ្រូ ធ្វើឲ្យទំពាំងរបស់យើងរីកលូតលាស់បានល្អជាសសរគ្រឹះនៃប្រទេសជាតិ។
សំឡេង៖«មហោស្រពនេះមិន មែនគ្រាន់តែជាការសំដែងសមត្ថភាពសិល្បៈតែប៉ុណ្ណោះទេ តែនេះក៏ជាការចូលរួមរីករាយ ជាការសំដែងនូវ មនោសញ្ចេតនារាក់ទាក់ និងការបង្ហាញនូវគំនិតឆ្នៃប្រឌិតជាពិសេសរបស់ក្មួយៗចៅៗកុមារ។ ដួងផ្កាយរបស់ យើងនៅថ្ងៃនេះ ថ្វីត្បិតតែនៅតូចនៅឡើយ តែទៅអនាគតពួកគេនឹងអាចកាន់តែ ចែងចាំងឡើងៗ។ ជាមួយនិងភាពជឿជាក់និងសេចក្ដីក្លាហាននេះ ឃើញថា កុមារយើងបាន បោះជំហានឡើងមកលើឆាកដើម្បីត្រៀមខ្លួនសំដែងនូវសមត្ថភាពដ៏ប៉ិនប្រសព្វប្រកបដោយក្តីរីករាយ។ លើសពីនេះក៏សូមសម្ដែងនូវក្តីរំភើបរីករាយចំពោះកុមារាកុមារីដែលនៅតែបន្តចូលរួមពីមួយឆ្នាំទៅមួយឆ្នាំ ដោយនាំយកមកជាមួយនូវបទចម្រៀងដែលមានខ្លឹមសារ និងទំនុកច្រៀង ជាស្នាដៃនិពន្ធរបស់លោកគ្រូ-អ្នកគ្រូ ស្របតាមវ័យរបស់កុមារ ដែលពួកគេ ងាយចាំ ងាយចេះ ងាយយល់ ដោយនៅក្នុងនោះបានបញ្ជ្រាបនូវការ អប់រំចំណេះដឹងដ៏មានសារប្រយោជន៍ទៀតផង»។
តាមរយៈមហោស្រពតន្ត្រី និងចម្រៀងកុមារនេះដែរ ឯកឧត្តម អ៊ុក សំអាត ជាព្រឹទ្ធាចារ្យសិល្បៈតន្រ្តី និងចម្រៀង បានមានប្រសាសន៍ថាតាមរយៈការហាត់សមកន្លងមកឃើញថា កុមារយើងមានភាពក្លាហាន វ័យឆ្លាត និងឆាប់ចាប់បាននូវការបង្ហាត់បង្រៀនពីលោកគ្រូផ្ទាល់ ទោះបីពេលវេលាហ្វឹកហាត់មិនបានច្រើនក៏ពិតមែន។
សំឡេង៖«កន្លងមកខ្ញុំធ្វើការកម្មវិធីកុមារតាំងពីឆ្នាំ២០១២សហការការងារជាមួយកុមារនេះមួយឆ្នាំម្ដងមួយឆ្នាំម្ដង។ហើយដល់ឥឡូវ ២០២៥ នេះឃើញថាវាមានការឆក់កណ្តៀតពេក តាំងពីកូវីដមករាងរយាល ពេលចាប់ផ្ដើមធ្វើវារាងទាន់ហន់ពេក អញ្ចឹងខ្ញុំរៀងស្រណោះចៅៗដែរ គាត់មិនមែនអ្នកជំនាញទេ ម៉្លោះហើយការបង្ហាត់ចម្រៀងរបស់គាត់មានការពិបាកជូនគាត់ព្រោះកុមារគាត់ត្រូវការពេលវេលាហាត់ឱ្យបានច្រើនប៉ុន្តែឃើញថាសុំសរសើរពួកគាត់ឆាប់ចាប់បាន»។
ព្រឹទ្ធាចារ្យសិល្បៈតន្រ្តី និងចម្រៀងមានប្រសាសន៍បន្តទៀតថា៖សំឡេង៖«ខ្ញុំឃើញថាការណ៍នេះ មិនមែនរឿងបង្ហាត់អោយឆាប់ចេះនោះទេ សំខាន់ឃើញដុងរបស់កុមារ កុមារមានទេពកោសល្យបានចាប់បានឆាប់ បើអត់មានទេពកោសល្យគឺចាប់មិនបានដែរមិនងាយនោះទេ។អញ្ចឹងព្យាយាមបង្ហាត់គាត់មួយកន្លាក់ម្ដងៗ ដើម្បីឲ្យគាត់ឆាប់ចាំ»។
ទោះយ៉ាងណា ព្រឹទ្ធាចារ្យសូមផ្តាំផ្ញើនូវសារមួយចំនួនដល់ចៅៗក៏ដូចជា កុមារាកុមារីទាំងអស់ថា។
សំឡេង៖«ជាសំណូមពររបស់ខ្ញុំទៅដល់មាតាបិតាសិស្ស ចៅៗទាំងអស់ បើមានការស្រឡាញ់ទៅលើវិស័យទាំងអស់នេះហើយ យើងគួរជំរុញគាត់។មើលផ្នត់គំនិតរបស់គាត់ គាត់មានដុងខាងហ្នឹងទេ បើមានដុងហើយយើងជួយយិតយោងគាត់ រុញគាត់ឲ្យទៅដល់គោលដៅ។ជាពិសេស ដើម្បីឲ្យស្គាល់នូវវប្បធម៌ជាតិរបស់យើង បែបបទចរិតលក្ខណៈជាតិរបស់យើងរបៀបម៉េច។ហេតុដូចនេះហើយ គឺថាសំណូមពរទីពីរ គឺចង់ឲ្យកុមារយើងរៀនចេះដឹង ហើយធ្វើម៉េចភាសាពាក្យពេចន៍ឲ្យច្បាស់ ឲ្យច្បាស់ពាក្យពេចន៍របស់យើងកុំបន្លែបន្លំ បើថាចិត្តឲ្យប្រាកដចិត្តបើខ្ញុំឲ្យប្រាកដជាខ្ញុំកុំឲ្យ ញុំអីណា។ពាក្យពេជ្រឱ្យច្បាស់ កាលណាយើងច្រៀងត្រូវប្រើពាក្យពេចន៍ អញ្ចឹងបើកាលណាយើងប្រើពាក្យពេចន៍មិនច្បាស់ ច្រៀងពាក្យពេចន៍មិនច្បាស់គឺតាមហ្នឹង មេប្រយោគឲ្យពិន្ទុទៅតាមហ្នឹង»។
មហោស្រពតន្រ្តី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៥នេះក៏មានការចូលរួមទាំងសាលារៀនរដ្ឋ សាលាឯកជន អង្គការ និងសហគមន៍ នានា ក្នុងរាជធានី ខេត្ត ក្រុង ចំនួន២៩ក្រុម ដែលមានចម្រៀងប្រមាណ៦០បទចូលរួមប្រកួត។លោក ទេស សុផាន់រី អគ្គនាយករងផ្នែកសេវាកម្ម និង ទំនាក់ទំនងខាងក្រៅ នៃសាលាមីគីវ៉េ បានដឹកនាំសិស្សចំនួន១០ក្រុម មកចូលរួមប្រកួតមហាស្រពនេះដែរ។
សំឡេង៖« ឆ្នាំនេះដែរខាងសាលាមីគីវ៉េយើងបានចូលរួមចំនួន ១០ ក្រុមក្នុងការចូលរួមមហោស្រពថ្នាក់ជាតិដែលរៀបចំដោយក្រសួងព័ត៌មាន។ហើយក្រោមការដឹកនាំ និងចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន និងអ្នករៀបចំ ខាងសាលាមីគីវ៉េយើងបានប្រឹងប្រែងនៅក្នុងការហ្វឹកហាត់ជាច្រើនដើម្បីទទួលបានជ័យលាភីសម្រាប់កុមារ។កម្មវិធីមហោស្រពនេះបានលើកកម្ពស់សិទ្ធិកុមារ ដើម្បីចូលរួមអបអរសាទរខួបលើកទី៧៦ នៃទិវាកុមារអន្តរជាតិ១មិថុនា ឲ្យកុមារទទួលបានចូលរួមចំណែកគ្រប់ទាំងសិល្បៈទាំងសង្គម»។
លោកសុផាន់រីបានបន្តថាកម្មវិធីមហាស្រពតន្ត្រី និងចម្រៀងកុមារផ្តល់ឱកាសដល់កុមារការស្វែងយល់ពីមជ្ឈដ្ឋានខាងក្រៅ ហើយក៏សំណូមពរឲ្យបន្តកម្មវិធីបែបនេះជាបន្តទៀត។
សំឡេង៖« ឱកាសនេះល្អសម្រាប់កុមារក្នុងការលំហែ ទីមួយលំហែខួរក្បាលទីពីគាត់អាចរៀននូវអ្វីៗដែលថ្មីជាច្រើន រៀនទាក់ទងទៅនឹង ការយល់ដឹងពីការរៀននៅក្នុងថ្នាក់ហើយនិងការរៀននៅខាងក្រៅ។ ខ្ញុំសូមស្នើសុំឲ្យក្រសួងព័ត៌មានព្យាយាមបង្កើតកម្មវិធីនេះឲ្យកាន់តែល្អប្រសើរជាងនេះទៀត ហើយអាចផ្ដល់ឲ្យសិទ្ធិមិនត្រឹមកុមារតូចៗនោះទេ សូមផ្តល់ឱកាសដល់កុមារជំទង់ថែមទៀតព្រោះកម្មវិធីនេះល្អ លើកកម្ពស់សិទ្ធិកុមារឲ្យយល់ដឹងច្រើនពីបរិបទសង្គមខាងក្រៅ ខាងក្នុង ជាពិសេសគឺផ្ដោតការអប់រំលើខ្លួនឯង។ហើយក្រសួងតែងតែផ្ដល់ប្រធានបទជាច្រើនយកមកអភិវឌ្ឍន៍ខ្លួនឯងដើម្បីបង្ហាញក្តីសុបិនខ្លួនឯង ហើយឲ្យកុមារទទួលបានការអប់រំល្អៗជាច្រើនសម្រាប់ជីវិត»។
កុមារី ធឿន លីម៉ា រៀនថ្នាក់ទី៤នៃសាលាមីគីវ៉េ សាខាទី២២ ដែលបានចូលរូមប្រលងចម្រៀងចំនួនពីរបទនៅក្នុងកម្មវិធីមហាស្រពតន្ត្រី និងចម្រៀងកុមារឆ្នាំ២០២៥នេះ ប្អូនប្តេជ្ញានឹងធ្វើឲ្យបានល្អ។
សំឡេង៖«ខ្ញុំច្រៀងចំនួនពីរបទ បទទីមួយតំបន់ទេសចរណ៍នៃប្រទេសកម្ពុជា បទទីពីរ ការគោរពលោកគ្រូអ្នកគ្រូ។ហើយខ្ញុំបានហាត់បទចម្រៀងនេះបានបួនប្រាំដងរួចមកហើយ។ខ្ញុំមានអារម្មណ៍សប្បាយរីករាយនៅពេលដែលបានហាត់ជាមួយលោកគ្រូតា ហើយសំឡេងរបស់ខ្ញុំមានការប្លែកច្រើនខុសពីសំឡេងនៅសាលា។ខ្ញុំមានផលលំបាកច្រើនដែរ ព្រោះត្រូវខំរៀនផង ត្រូវខំរៀនច្រៀងហ្នឹងផង ហើយត្រូវធ្វើសំឡេងឲ្យល្អ។ខ្ញុំត្រូវខំប្រឹងដើម្បីឲ្យបានល្អហើយសង្ឃឹមថានឹងអាចឈ្នះនៅពេលប្រឡងមហោស្រព្យនេះ។ខ្ញុំសូមផ្ដាំផ្ញើឲ្យមិត្តភក្កិទាំងនៅសាលាខ្ញុំ ទាំងនៅសាខាផ្សេងត្រូវខំប្រឹងហ្វឹកហាត់ រៀនសូត្រ និង ធ្វើអ្វីដែលយើងចង់ធ្វើ»
ចំណែកកុមារី សាន ជាតិម៉េងហួយ រៀនថ្នាក់ទី ៣ នៃសាលាមីគីវ៉េ សាខាទី២២ ក៏បង្ហាញអារម្មណ៍សប្បាយរីករាយដែលបានចូលរួមក្នុងកម្មវិធីមហាស្រពនេះដែរដោយក្មួយស្រីជាអ្នករាំ។
សំឡេង៖ «ពេលខ្ញុំមកចូលរួមកម្មវិធីនេះខ្ញុំបានរាំជាមួយមិត្តភក្កិ និងសិស្សនៅសាខាដទៃទៀត។ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តណាស់ព្រោះវាជាកម្មវិធីមួយដែលអាចឲ្យខ្ញុំក្លាហាន ហ៊ានបញ្ចេញសមត្ថភាពនៅលើឆាក។ខ្ញុំបានហាត់ជាមួយនឹងមិត្តភក្តិបានបួនប្រាំថ្ងៃហើយដែលអាចឲ្យខ្ញុំនឹងមិត្តភក្តិខ្ញុំធ្វើបាន។សម្រាប់ខ្ញុំ ប៉ាម៉ាក់របស់ខ្ញុំមិនដែលបង្ខំឬក៏មិនចង់ឲ្យធ្វើវាទេ គាត់តែងតែជំរុញឲ្យខ្ញុំធ្វើរឿងនេះហើយចង់ឲ្យខ្ញុំធ្វើអ្វីមួយដែលចេញពីការសិក្សារបស់ខ្ញុំ។ខ្ញុំចង់ប្រាប់មិត្តភក្តិទាំងអស់គ្នាឲ្យជួយមើលក្រុមរបស់ខ្ញុំ និងក្រុមដទៃទៀតពេលរាំនិងសម្ដែងហើយសូមសិស្សដទៃទៀតខំប្រឹងបែបនេះដើម្បីដណ្ដើមជ័យលាភីឲ្យបាន»។
ឯកឧត្តម ងិន សុខគ្រវា ទីប្រឹក្សាក្រសួងព័ត៌មានជាព្រឹទ្ធាចារ្យតន្ត្រីករជើងចាស់ និងជាអ្នកនិពន្ធចម្រៀងផងនោះបានមានប្រសាសន៍ថា សម្រាប់មហោស្រពតន្ត្រី និងចម្រៀងកុមារឆ្នាំនេះ ការលះបង់ពេលវេលារបស់លោកគ្រូអ្នកគ្រូ ដើម្បីជួយឲ្យកុមារបានហាត់ច្រៀងតាមចំណង់ចំណូលចិត្តរបស់ពួកគេ គួបផ្សំនឹងការតែងនិពន្ធថ្មីៗផងនោះគឺជាមោទនភាពមួយសម្រាប់មហោស្រពតន្ត្រី និងចម្រៀងកុមារ។
សំឡេង៖«ឆ្នាំនេះជាឆ្នាំថ្មីមួយទៀតដែរក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលយើងដែលបានរៀបចំកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារនេះឡើង។នេះជាលើកទីពីរហើយចាប់ពីឆ្នាំ២០២៤មក ឥឡូវនេះ២០២៥ ហើយអ្វីដែលយើងបាននាំគ្នារៀបចំនេះគឺបានទៅយ៉ាងរលូនមិនអីនោះទេ។គ្រាន់តែថាវាមានរអាក់រអួលបន្តិចបន្តួច ប៉ុន្តែលោកគ្រូអ្នកគ្រូ អ្នកនិពន្ធ សិស្ស ព្រមទាំងអ្នកដែលត្រូវចូលរួម គាត់បានខិតខំគ្រប់ៗគ្នារៀងៗខ្លួនរហូតមកដល់ថ្ងៃនេះជាថ្ងៃធ្វើពិធីបើកនេះបានសម្រេចជោគជ័យផងដែរ»។
ឯកឧត្តមបានមានប្រសាសន៍បន្តថា អ្វីៗដែលរាជរដ្ឋាភិបាល និងក្រសួងព័ត៌មានខិតខំធ្វើនេះគឺដើម្បីឲ្យកុមារយើងក្លាយជាពលរដ្ឋល្អទៅថ្ងៃអនាគតសម្រាប់ប្រទេសជាតិ។
សំឡេង៖ «គោលបំណងដូចខ្ញុំបានជម្រាបពីមុនមកដែរគឺធ្វើយ៉ាងណាឱ្យកុមារយើងងាកចេញពីអំពើពាលា វប្បធម៌ដែលមិនគប្បី ឲ្យងាកមករកវប្បធម៌ជាតិ ប្រពៃណីជាតិវិញ ដើម្បីឲ្យកុមារ ដែលជាទំពាំងស្នងឬស្សីបានរៀបចំខ្លួនក្នុងឋានៈជាប្រជាពលរដ្ឋល្អសម្រាប់រួមចំណែកកសាងប្រទេសជាតិទៅថ្ងៃអនាគត»។
មហោស្រពតន្ត្រី និងចម្រៀងកុមារ ដែលក្រសួងព័ត៌មាន រៀបចំឡើងនាឱកាសនេះ គឺជាការផ្តល់នូវឱកាសដល់កុមារា កុមារី បានបញ្ចេញនូវសមត្ថភាព និង ទេពកោសល្យ តាមរយៈសិល្បៈតន្ត្រី និងចម្រៀង ដែលមានចរឹតលក្ខណៈបែបផែនសម្រាប់កុមារ ហើយដើម្បីប្រែក្លាយរូបភាព ខ្លឹមសារទៅជាការអប់រំ ផ្តល់ចំណេះដឹងជាប្រយោជន៍យូរអង្វែងសម្រាប់បំណិនជីវិត។ មានន័យថា ការសិក្សា ការអប់រំ ផ្សារភ្ជាប់ ជាមួយនឹងសិល្បៈ តន្ត្រី ។
មហោរស្រពតន្រ្តី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ ក្រោមប្រធានបទ “កុមារ៖ អនាគតយើង ការទទួលខុសត្រូវរបស់យើង” មានការចូលរួមពី សិស្សានុសិស្សសាលារៀនរដ្ឋនិង សាលារៀនឯកជន ក្នុងរាជធានី-ខេត្ត សរុបចំនួន២៩ក្រុម ដែលមាន ចម្រៀងចំនួនប្រមាណ៦០បទត្រូវបានយកមកប្រកួត៕