សម្តេចមហាបវរធិបតី ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី ចំពោះជោគជ័យនៃការបោះឆ្នោត

Narith | ថ្ងៃទី 06 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែឧសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៥ ។
បើតាមសម្តេចធិបតី លទ្ធផលនៃការបោះឆ្នោតរបស់អូស្ត្រាលីនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋអូស្ត្រាលី មានជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ឯកឧត្តម Anthony Albeneses និងបន្តគាំទ្រឯកឧត្តមធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរដ្ឋាភិបាល កសាងសមិទ្ធផលបន្ថែមទៀតជូនប្រជាពលរដ្ឋអូស្ត្រាលី។ 
សម្តេចធិបតីមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម ប្រទេសកម្ពុជា-អូស្រ្តាលី នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេសនិងប្រជាជនកម្ពុជា-អូស្ត្រាលី៕

សម្តេចមហាបវរធិបតី ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី ចំពោះជោគជ័យនៃការបោះឆ្នោត