ប្រធានILOសរសើរវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជាមានវឌ្ឍនភាពលឿន

វិទ្យុជាតិកម្ពុជា៖

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាជាមួយលោកស្រី Xiaoyan Qian នាយិការនៃការិយាល័យអង្គការអន្តរជាតិខាងការងារ(ILO)ប្រចាំកម្ពុជា ឡាវ និងថៃនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ លោកស្រីនាយិកា បានសរសើរថា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃរាជរដ្ឋាភិបាលកម្ពុជាមានវឌ្ឍនភាពលឿនជាងបណ្តាប្រទេសក្នុងតំបន់មួយចំនួន។ 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោកស្រីចំពោះការវាយតម្លៃនិងការកោតសរសើរ ហើយក៏បានថ្លែងអំណរគុណដល់ILOដែលបានផ្តល់កិច្ចសហការដើម្បីវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈគម្រោង ការបណ្តុះបណ្តាលមន្ត្រីជំនាញលើជំនាញទន់ដើម្បីបង្កើនផលិតភាពការងារ គម្រោងការងារសមរម្យសម្រាប់យុវជន គម្រោងទីផ្សារការងារសកម្ម និងគម្រោងនៃការកសាងសមត្ថភាពស្ថាប័នចំពោះបេឡាជាតិសន្តិសុខសង្គមជាដើម។ 

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងដែលជាគន្លឹះដើម្បីធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ដែលនេះជាចំណុចគន្លឹះដ៏សំខាន់មួយក្នុងគោលបំណងធានាពីទំនាក់ទំនងវិជ្ជាជីវៈ សិទ្ធិសេរីភាព ផលិតភាព និងសុខមាលភាព រួមទាំងបរិយាកាសល្អសម្រាប់វិនិយោគិនផងដែរ។ 

ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានពន្យល់លំអិតពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដែលជាយុទ្ធសាស្ត្រដ៏មុតស្រួចដើម្បីផ្លាស់ប្តូរកម្លាំងអតិពលកម្មក្នុងទីផ្សារការងារឱ្យកម្ពុជាប្រែក្លាយជាសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនាញ។ 

ទន្ទឹមនឹងនេះទាំងឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រីXiaoyan Yan ក៏បានឯកភាពគ្នាក្នុងការបន្តគាំទ្រទៅវិញទៅមកដើម្បីឱ្យគម្រោងដែលភាគីទាំងពីរបានកំពុងសហការឱ្យកាន់តែរលូនជាបន្តទៀតដើម្បីវិបុលភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕D4C0DEDE-209C-4068-B3D2-47A8F387F1BD127C75CE-C7C8-4F54-9D3D-E1772E1D9E9A8A3C8C03-DB47-4C7D-BE70-797DFEBF90A2

Comments

Related posts