ជប៉ុន៖ មនុស្ស ១៧៩ នាក់នៅបន្តបាត់ខ្លួននៅខេត្ត Ishikawa បន្ទាប់ពីរងគ្រោះរញ្ជួយដី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a21-35

a20-32

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍. ចំនួនអ្នកបាត់ខ្លួននៅក្នុងខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុនបានកើនឡើងដល់ ១៧៩ នាក់បន្ទាប់ពីរងគ្រោះរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ ដែលបានវាយប្រហារខេត្តនេះ និងតំបន់ជុំវិញនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីបានកើនឡើងដល់ ៨៤ នាក់ហើយ ខណៈក្រុមសង្រ្គោះបន្តព្យាយាមស្វែងរកអ្នកដែលបាត់ខ្លួន ៣ ថ្ងៃមកហើយបន្ទាប់ពីគ្រោះមហន្តរាយនេះ។ ក្រសួងអប់រំ និងវប្បធម៌ជប៉ុនបានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះបានបំផ្លិចបំផ្លាញសាលារៀន និងសម្ភារៈបរិក្ខារចំនួន ២៧៦ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិវប្បធម៌សំខាន់ៗចំនួន ២០ ករណីនៅតំបន់រងគ្រោះដោយរញ្ជួយដីនៅតាមបណ្តោយសមុទ្រជប៉ុន។ គួរបញ្ជាក់ថា ការរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧,៦ រ៉ិចទ័របានវាយប្រហារកាលពីថ្ងៃចន្ទនៅក្នុងតំបន់ Noto នៃទីក្រុង Ishikawa ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានដាក់ឈ្មោះការរញ្ជួយដីនេះជាផ្លូវការថា គ្រោះរញ្ជួយដីឧបទ្វីប Noto ឆ្នាំ ២០២៤។ ទាហាន អ្នកពន្លត់អគ្គីភ័យ និងប៉ូលិសរាប់ពាន់នាក់មកពីទូទាំងប្រទេសជប៉ុនកំពុងស្វែងរកមនុស្សនៅតាមគំនរបាក់បែកនៃផ្ទះឈើ និងអគារពាណិជ្ជកម្មដែលដួលរលំដោយសង្ឃឹមថានឹងមានអ្នកនៅមានជីវិត៕

Comments

Related posts