លោក Mike Pence អតីតអនុប្រធានាធិបតីអាមេរិក ប្រកាសដកខ្លួនពីការប្រកួតប្រជែង យកតំណែងប្រធានាធិបតីនៅឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a5-79

អន្តរជាតិ៖ លោក Mike Pence អតីតអនុប្រធានាធិបតីអាមេរិក បានសម្រេចចិត្តប្រកាសបិទបញ្ចប់ យុទ្ធនាការស្វែងរកសំឡេងគាំទ្រ ដើម្បីឆ្ពោះទៅប្រជែងយកតំណែងប្រធានាធិបតីនៅឆ្នាំ ២០២៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ថ្លែងក្នុងព្រឹត្តិការណ៍សន្និសីទ Republican Jewish Coalition នៅទីក្រុងLas Vegas លោក Pence បានប្រកាសថា "ក្រោយធ្វើដំណើរជុំវិញប្រទេស អស់រយៈពេល ៦ខែចុងក្រោយ ខ្ញុំមកកាន់ទីនេះដើម្បីនិយាយថា ខ្ញុំបានយល់ច្បាស់ហើយគឺ ពេលវេលា សម្រាប់ខ្ញុំ មិនទាន់មកដល់ទេ។ ក្រោយការពិចារណាយ៉ាងល្អិតល្អន់ ខ្ញុំបានសម្រេចចិត្តបិទបញ្ចប់យុទ្ធនាការឃោសនា ដើម្បីប្រជែងយកតំណែងប្រធានាធិបតី ចាប់ពីថ្ងៃនេះទៅតែម្តង"។ លោក Pence មិនបានប្រកាសផ្តល់ការគាំទ្រដល់បេក្ខជនដទៃណាមួយឡើយ។ ការចាកចេញរបស់លោក Pence គឺជាការដកខ្លួនរបស់បេក្ខជនល្បីមួយរូប សម្រាប់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤។ លោក Pence រួមទាំងគូប្រជែងរបស់លោកជាច្រើន ទៀត ដែលព្យាយាមចង់ក្លាយជាបេក្ខជនតំណាងរបស់បក្សសាធារណរដ្ឋ សម្រាប់ការប្រកួតយកតំណែង ប្រធានាធិបតីនៅឆ្នាំក្រោយ គឺមកទល់នឹងពេលនេះទទួលបានសំឡេងគាំទ្រតិចតួច បើធៀបទៅនឹងអតីត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងមានការគាំទ្រយ៉ាងលើសលប់។ គួរបញ្ចាក់ថាលោក Pence គឺជាអតីតអនុប្រធានាធិបតីរបស់លោក ត្រាំ៕

Comments

Related posts