លោក Netanyahu៖ គ្មានការដកកងទ័ពអ៉ីស្រាអែលចេញពីហ្គាហ្សានោះទេ ដរាបណាមិនទាន់ទទួលបានជ័យជម្នះទាំងស្រុង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

c6-18

c7-17

អន្តរជាតិ៖ កាលពីថ្ងៃអង្គារក្រុមហាម៉ាសបានអះអាងពីការទទួលបាន និងកំពុងសិក្សាទៅលើសំណើថ្មីមួយសម្រាប់បទឈប់បាញ់ ក៏ដូចជាការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ពីសំណាក់ក្រុមអ្នកសម្រុះសម្រួល ប៉ុន្តែជាថ្មីម្តងទៀតលោក Benjamin N etanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែលនៅតែប្តេជ្ញាមិនដកកងទ័ពចេញពីហ្គាហ្សាឡើយ រហូតដល់ទទួលបានជ័យជម្នះទាំងស្រុង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ សំណើបទឈប់បាញ់មួយត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានការចូលរួមពីប្រធានចារកម្មមកពីអ៉ីស្រាអែល សហរដ្ឋអាមេរិក និងអេហ្ស៉ីប ជាមួយនាយករដ្ឋមន្ត្រីកាតា។ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាសបានប្រាប់ Reuters ដោយមិនបញ្ចេញឈ្មោះថា សំណើនេះពាក់ព័ន្ធនឹងបទឈប់បាញ់ ៣ដំណាក់កាល អំឡុងពេលដែលហាម៉ាសដោះលែងជនស៉ីវិលនៅសល់ក្នុងចំណោមចំណាប់ខ្មាំងដែលខ្លួនចាប់បានកាលពីថ្ងៃទី៧ ខែតុលា បន្ទាប់មកដោះលែងទាហាន និងចុងក្រោយប្រគល់សាកសពចំណាប់ខ្មាំងដែលត្រូវបានសម្លាប់។ លោក Ismail Haniyeh មេដឹកនាំរបស់ក្រុមហាម៉ាស់បាននិយាយថានឹងទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៉ីប ដើម្បីពិភាក្សាពីសំណើនេះ។ ចំណែក អ៉ីស្រាអែលនិយាយថា ខ្លួននឹងមិនបញ្ឈប់ការប្រយុទ្ធគ្នាឡើយរហូតទាល់តែក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សាតាំងពីឆ្នាំ ២០០៧ មកនោះត្រូវបានលុបបំបាត់ទាំងស្រុង។ គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Netanyahu កំពុងស្ថិតក្រោមសម្ពាធពីសម្ព័ន្ធមិត្តអាមេរិក ដើម្បីរៀបចំផ្លូវឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម ហើយនៅក្នុងស្រុកវិញ សាច់ញាតិរបស់ចំណាប់ខ្មាំងថា ការចរចាគឺជាមធ្យោបាយតែមួយគត់ដើម្បីនាំពួកគេត្រឡប់មកផ្ទះវិញ៕

Comments

Related posts